ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅស្រុកស្អាង ទទួលអំណោយពីកាកបាទក្រហមខេត្តកណ្តាល
នៅថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត កណ្ដាល ដឹកនាំដោយលោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនោះលោកស្រី ខុន លក្ខិណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ លោកស្រីបានបន្តថា កាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដល់ជូនក្នុង១គ្រួសារមាន អង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត១កញ្ចប់, ប្រេងឆា១ដប, ម៉ាស១០បន្ទះ, អាល់កុល១ដប, អាវយឺត៥, កៅស៊ូតង់១, និងថវិកា៥០ម៉ឺនរៀល ៕
ដោយ ណយ នឿន, សម្រួលផ្សាយ៖ កន ចំណាន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)