ព្រលានយន្តហោះ វាលបែកចាន ខេត្តបាត់ដំបង ក្លាយជាកន្លែងកម្សាន្តថ្មី សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 1 ខែ មិថុនា ឆ្នាំ 2021 79 បាត់ដំបង៖ ទីតាំងព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបងបច្ចុប្បន្ន បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចាប់អារម្មណ៍ ទៅលេងកម្សាន្តកកកុញ ពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និង លេងកីឡាជាដើម ។ ប្រជាពលរដ្ឋ ទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញាំុអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡាដើរ រត់ និង ជិះកង់ជាដើម ។ក្រៅពីនេះ ក្រុមយុវជនក៏បាននាំគ្នាមកលេងជាក្រុមៗផងដែរ ។ បើទោះបីជាទីកន្លែងនេះ បច្ចប្បន្នមិនមានការអនុញ្ញាតឱ្យ មានលក់អាហារខាងក្នុងដូចពេលមុនក៏ដោយ អ្នកដែល មកអង្គុយលេងកម្សាន្ត ខ្លះបានទិញ ឬវេចខ្ចប់អារហារពីខាងក្រៅ មកអង្គុយញាំុលេងនៅទីនេះបាន ដែលអាហារទាំងនោះមានលក់នៅខាងមុខក្លោងទ្វារចូល ដែលមានលក់គ្រប់មុខ ដូចជាបុកល្ហុង ពងទាកូន សាច់គោអាំង ខ្យង ខ្ចៅ និង ភេសជ្ជៈជាដើម ។ អ្នកមកអង្គុយញាំអាហារនៅទីនេះ មានការយល់ដឹងពីការសម្អាតបរិស្ថាន ក្រោយពេលដែលទទួលទានរួច គឺមិនឃើញមានសម្រាមរាយប៉ាយនោះទេ។ អ្នកដែលចង់ចូលទៅលេងកម្សាន្តនៅព្រលានយន្តហោះខេត្តបាត់ដំបងនេះ ត្រូវធ្វើដំណើរឆ្ល ងកាត់ក្លោងទ្វារដែលមានមន្រ្តីយោធាយាមនៅទីនោះ និង យកលុយពីអ្នកជិះ ម៉ូតូឡានចូល ដោយម៉ូតូមួយគ្រឿងបង់៥០០រៀល និង រថយន្ត ១០០០រៀល ។ សូមបញ្ជាក់ថាព្រលានយន្តហោះ វាលបែកចានខេត្តបាត់ដំបងនេះ ស្ថិតនៅ ក្រុងបាត់ដំបង ដែល មានផ្ទៃដីទំហំជាង ១ម៉ឺនហិកតា ។ ព្រលាននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងឈានដល់ អភិវឌ្ឍន៍ឱ្យអាកាសយានដ្ឋានមួយនេះ ដំណើរការឡើងវិញ នាពេលខាងមុខ ៕ 79 ចែករំលែក