អភិបាលខេត្តតាកែវ ណែនាំមិនឱ្យពលរដ្ឋដែលនៅជុំវិញផ្សារត្រពាំងអណ្តើក បើកខ្វារផ្ទះដាក់លក់ដូរនោះទេត្រូវតែបិទខ្ទប់ដូចគ្នានឹងផ្សារ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់អាជ្ញាធរ ស្រុកត្រាំកក់ ក៏ដូចជាកម្លាំងសមត្ថកិច្ចដែលយាមកាមនៅជុំវិញផ្សារត្រពាំងអណ្តើក ដែលជា តំបន់បិទខ្ទប់ ត្រូវផ្សព្វផ្សាយបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ មិនត្រូវឱ្យពួកគាត់បើកលក់ដូរនៅមុខផ្ទះនោះទេ ដែលអាចបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ថែមទៀត។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅ នៅផ្សារត្រពាំងអណ្តើកដែលរដ្ឋបាលខេត្តបានសម្រេចបិទជាបណ្តោះអាសន្ន ដោយសារតែអាជីវករក្នុងផ្សារត្រពាំងអណ្តើក មួយចំនួនបានឆ្លងជំងឺកូវីដ១៩ និងពិនិត្យមើលការយកសំណាករបស់ក្រុមអាជីវករផ្សារត្រពាំងអណ្តើក នាព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ដោយសារភាពនៅផ្សារត្រពាំងអណ្តើកនេះ មានបងប្អូនអាជីវករមួយចំនួនបានកើតជំងឺកូវីដ១៩ ដែលតម្រូវឱ្យអាជ្ញាធរខេត្តចុះបិទជាបណ្តោះអាសន្ន ហើយក្នុងនោះក្នុងអំឡុងបិទខ្ទប់នេះ អាជ្ញាធរមូលដ្ឋានត្រូវតែណែនាំទៅដល់បងប្អូនក្រុមអាជីវករ ក៏ដូចជាពលរដ្ឋដែលរស់នៅជុំវិញផ្សារដែលមានការប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោល សូមអញ្ជើញពួកគាត់ទៅយកសំណាក និងតម្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត៣កុំ៣ការពារឱ្យបានត្រឹមត្រូវជាទីបំផុត ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ទន្ទឹមនឹងការអនុវត្តវិធានបិទខ្ទប់នៅផ្សារត្រពាំងអណ្តើក សូមបងប្អូនទាំងអស់សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យដើម្បីយកសំណាកធ្វើត្តេសរកមេរោគកូវីដ១៩ ហើយក្នុងនោះដែរសូមបងប្អូនបន្ទាប់ពីធ្វើត្តេសមិនទាន់ដឹងលទ្ធផលសូមកុំដើរទៅណាផ្តេសផ្តាស ត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងឬមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានរៀបចំទុក ហើយប្រសិនបើមានវិជ្ជមានកូវីដ១៩ សូមទៅព្យាបាលជំងឺកុំគេចវេសឱ្យសោះ ដើម្បីក្រុមគ្រូពេទ្យបានព្យាបាលឆាប់ជាសះស្បើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានក្រើនរំលឹកបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអាជីវករដែលវិជ្ជមានកូវីដ១៩ ដើម្បីយកពួកគាត់មកធ្វើត្តេស៍ និងធ្វើចត្តាឡីស័កបានត្រឹមត្រូវ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត៣កុំ៣ការពារ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះនៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ននូវទីតាំងផ្សារសំរោងយ៉ោង ផ្សារយាយត្រប់ ផ្សារស៉ៃវ៉ា ផ្សារត្រពាំងអណ្តើក ក្រោយពីរកឃើញអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់នឹងដោយប្រយោល ហើយទូទាំងខេត្តមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៨២២ ស្រី៥២៤នាក់ ជាសះស្បើយ៣៧៧នាក់ ស្រី២៣៩នាក់ ស្លាប់៦នាក់ ស្រីនាក់ និងកំពុងតែព្យាបាល៤៣១នាក់ ស្រី២៨០នាក់ ៕