ក្នុងទិវាកុមារអន្តរជាតិ ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធជូនស្ថាប័នដែលចូលរួមថែទាំកុមារ
ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេសជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ក្នុងខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងបេសកកម្មគាំពារ និងថែទាំកុមារ។
បើតាមលោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីអរគុណ និងលើកទឹកចិត្តដល់ស្ថាប័នទាំង២ ដែលបានខិតខំព្យាបាល និងថែទាំកុមារឲ្យមានសុខភាពមាំមួន ដើម្បីក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ បន្ថែមថា ក្រុមហ៊ុនកន្លងមកបានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង២ម៉ឺនកេស ដល់មន្ទីរពេទ្យ សាលារៀន និងស្ថាប័នផ្សេងៗ ដើម្បីចូលរួមថែទាំ គាំពារ និងបណ្ដុះបណ្ដាលកុមារកម្ពុជា៕