កំណែទម្រង់ការបោះឆ្នោតនៅហុងកុងចូលជាធរមានជាផ្លូវការ

​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​បានប្រកាសថា ច្បាប់​ថ្មី​ដែល​ណែនាំ​នូវ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រព័ន្ធ​បោះឆ្នោត​ទីក្រុង​ហុងកុង​បាន​ចូល​ជា​ធរមាន​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​។​

​កាលពី​ក្នុង​ខែមីនា សភា​ចិន​បានអនុម័ត​ផែនការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង​ដែល​បាន​ផ្លាស់ប្តូរ​នីតិវិធី​សម្រាប់​ជ្រើសរើស​ប្រធាន​រដ្ឋបាល​ទីក្រុង​នេះ និង​បង្កើត​ស្ថាប័ន​នីតិប្បញ្ញត្តិ​។ កាលពី​សប្តាហ៍​មុន វា​ត្រូវ​បានអនុម័ត​នៅក្នុង​ការពិភាក្សា​លើក​ទី ៣ ដោយ​ក្រុម​នីតិប្បញ្ញត្តិ​ទីក្រុង​នេះ​។​

​ការផ្លាស់ប្តូរ​នេះ​បាន​ជំរុញឱ្យមាន​ការរិះគន់​ពី​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន​ដែល​ជឿថា ច្បាប់​នេះ​ធ្វើឱ្យ​អន្តរាយ​ដល់​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង​។ ចំណែក​ប្រទេស​ចិន​វិញ​បានធ្វើការ​ឆ្លើយតប​ជា​លក្ខណៈ​ស្តង់ដារ​ម្តង​ហើយ​ម្តងទៀត​ដោយនិយាយ​ថា បញ្ហា​នេះ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ប្រព័ន្ធ​កែលម្អ​ការបោះឆ្នោត (​វិសោធនកម្ម​ការរួបរួម​) បទបញ្ញត្តិ​ឆ្នាំ ២០២១ ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង gazette និង​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ច័ន្ទ​»​។ រដ្ឋាភិបាល​បាន​និយាយ​បន្ថែមថា ប្រព័ន្ធ​បោះឆ្នោត​ដែលមាន​ភាពប្រសើរឡើង​អាច​ធានាបាន​ថា ទីក្រុង​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកស្នេហាជាតិ ក៏ដូចជា​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។​

​កំណែទម្រង់​នេះ​តម្រូវឱ្យមាន​ការពង្រីក​អ្នកបោះឆ្នោត​តំណាង​ពី​ចំនួន​សមាជិក ១ ២០០​នាក់ ទៅ ១ ៥០០​នាក់ និង​ផ្តល់​សិទ្ធិអំណាច​មិន​ត្រឹមតែ​ការបោះឆ្នោត​ជ្រើសរើស​នាយក​ប្រតិបត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការបោះឆ្នោត​តែងតាំង​សមាជិកសភា និង​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​មួយចំនួន​ទៀតផង​។ ចំនួន​អាសនៈ​នៅក្នុង​នីតិកាល​នឹងត្រូវ​កើនឡើង​ពី ៧០ ដល់ ៩០​អាសនៈ ដោយមាន ៤០​អាសនៈ​ត្រូវបាន​ជ្រើសរើស​ដោយ​អ្នកបោះឆ្នោត​តំណាង ៣០​អាសនៈ​កំណត់ដោយ​មណ្ឌល​បោះឆ្នោត​ដែលមាន​មុខងារ និង ២០​អាសនៈ​ទៀត​ត្រូវបាន​បោះឆ្នោត​ដោយ​ពលរដ្ឋ​។ កំណែទម្រង់​នេះ​ក៏​បង្កើតឱ្យមាន​គណៈកម្មកា​រ​ត្រួតពិនិត្យ​មួយ​ផងដែរ​ដើម្បី​ត្រួតពិនិត្យ​បេក្ខភាព និង​ធានាបាន​ថា ពួកគេ​បំពេញបាន​តាម​បទដ្ឋាន​នៃ​ច្បាប់​ជា​មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង និង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​៕ (​ប្រភព Sputnik បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង