ឈ្មួញគ្រាក់ៗ បានដាក់គ្រឿងចក្រកាយយកដីបាតបឹង ជាប្រយោជន៍ផ្ទាល់ខ្លួន ដូចភ្លៀងរលឹម នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ព្រៃវែង៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ TNM NEWS ថា ដីបាតបឹងជ្រៃ ជាដីសាធារណៈសម្រាប់បម្រើជាប្រយោជន៍រួមនោះ ឥឡូវនេះ ត្រូវបានឈ្មួញគ្រាក់ៗមានឥទ្ធិពល ម្នាក់ ដែលពលរដ្ឋបានស្គាល់ ថា «ឈ្មោះផាត» បានដាក់គ្រឿងចក្រជាច្រើន ជីក កកាយ យកអាចម៍ដី លក់ជាប្រយោជន៍ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ ការដឹកមិនគ្របត្រឹមត្រូវ ធ្វើអោយដីធ្លាក់លើផ្លូវ យ៉ាងអនាធិបតេយ្យ ផងដែរ ។ បច្ចុប្បន្នស្ថានភាពបឹងជ្រៃនោះ ក្រហេងក្រហូង ខូង ជិតដល់ក្បាលប្រែត ខុសរូបរាងដើម ។
ដីបឹងជ្រៃ ស្ថិតក្នុងភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ប្រជាពលរដ្ឋ ដដែលបន្តថា រាល់ថ្ងៃគេឃើញ ឈ្មោះផាត ដែលជាថៅកែគ្រឿងចក្រ កំពុងសម្រុកដាក់គ្រឿងចក្រ ជីកកាយ គាស់រំលើង យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន ដូចភ្លៀងរលឹម ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែនកង់៦ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន ។
រាល់សកម្មភាពជីក កកាយអាចម៍ដីលក់បែបនេះ ធ្វើឲ្យបឹងជ្រៃ ខូចសោភ័ណ្ឌភាព និង ក្លាយទៅជាក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗ ជិតដល់ក្បាលប្រែត បើសិនមានសត្វគោក្របីធ្លាក់ចូលពិតជាមិនរស់ឡើយ ។ ប្រជាពលរដ្ឋបានទទូចស្នើសុំដល់លោក យួស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង និង លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមមេត្តាជួយមានវិធានផង ។
ជុំវិញបញ្ហាខាងលើនេះដែរ លោក យួស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានប្រាប់ TNM NEWS អោយដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា លោកបានទទួលព័ត៌មាននេះ តាំងពីម្សិលមិញដែរ ។
លោកបានអោយមេឃុំចុះទៅពិនិត្យ ហើយ ដោយលោកមេឃុំប្រាប់មកវិញថា មានច្បាប់ត្រឹមត្រូវ ។ តំបន់នោះឧស្សាហ៍ខ្វះទឹកណាស់ ។ នៅថ្ងៃស្អែកលោកនឹងចាត់អោយលោកអភិបាលរងស្រុកម្នាក់ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវបន្ថែមទៀត ។ ដោយឡែក បញ្ហារថយន្តដឹកអត់គ្របមួយទៀតលោកនឹងចាត់ការនៅថ្ងៃស្អែកនេះ ៕