ទីផ្សារចិនជាប្រភពនៃឱកាសសម្រាប់ប្រទេសទាំងអស់
ទីផ្សារដ៏ធំបំផុតរបស់ប្រទេសចិន និងតម្រូវការអ្នកប្រើប្រាស់ដ៏ច្រើនកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងកើនឡើងនៅក្នុងប្រទេសនេះ។
ការធ្វើឱ្យប្រសើរឡើងនូវតម្រូវការអតិថិជនរបស់ប្រទេសចិនដែលបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់ពិភពលោកទាំងមូល គឺជាផ្នែកដ៏សំខាន់មួយនៃឱកាសដ៏កម្រ ដែលត្រូវបានបង្កើតឡើងដោយការអភិវឌ្ឍរបស់ប្រទេសចិន។
ទីផ្សារចិននៅតែបើកចំហយ៉ាងសកម្មដល់ពិភពលោក។ កាលពីដើមខែនេះ ពិធីតាំងពិព័រណ៍ផលិតផលសម្រាប់អ្នកប្រើប្រាស់អន្តរជាតិចិនលើកទី ១ (CICPE) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហៃគូ នៃខេត្តហៃណាននៅភាគខាងត្បូងប្រទេសចិន ដែលមានយីហោផលិតផលប្រើប្រាស់ចំនួន ២ ៦២៨ មកពី ៧០ប្រទេស ដែលបានបង្ហាញផលិតផលរបស់ពួកគេនៅក្នុងទីតាំងដែលមានទំហំ ៨០ ០០០ម៉ែត្រការ៉េ។
ព្រឹត្តិការណ៍ដ៏ធំនេះបានបង្ហាញអំពីភាពរឹងមាំនៃសេដ្ឋកិច្ចចិន ក៏ដូចជាការទាក់ទាញទីផ្សារចិនដែលផ្តល់នូវឱកាសអាជីវកម្មរាប់មិនអស់សម្រាប់បណ្តាសហគ្រាសនៅក្នុងពិភពលោក។
នៅក្នុងពិធីតាំងពិព័រណ៍នោះ ប្រទេសស្វីសបានបង្ហាញនូវទេសភាពដ៏ស្រស់ស្អាតរបស់ Alps និងទំនិញស្វ៊ីសទំនើប ខណៈដែលអាហារសមុទ្រមកពីមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង សាច់ភ្លៅជ្រូកអេស្ប៉ាញ និងផ្លែឈើស្រស់ៗមកពីទីក្រុង Tasmania របស់អូស្ត្រាលីក៏ត្រូវបាននាំយកទៅបង្ហាញភ្ញៀវនៅសាលពិព័រណ៍នោះផងដែរ។ នៅទីតាំងពិធីតាំងពិព័រណ៍នៃខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិន អ្វីដែលត្រូវបានដាក់បង្ហាញមិនត្រឹមតែជាផលិតផលអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលិតផលបច្ចេកវិទ្យាឆ្លាតវៃ និងវត្ថុបេតិកភណ្ឌវប្បធម៌អរូបីទៀតផង។
ក្រៅពីពិធីតាំងពិព័រណ៍ CICPE ពិធីតាំងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំមួយផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅប្រទេសចិន ដែលរួមទាំងពិធីតាំងពិព័រណ៌ Canton លើកទី ១២៩ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ ២០២១ និងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៤ ។
ព្រឹត្តិការណ៍ទាំងនោះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបង្កើតវេទិកានៃកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ ដោយបញ្ជូនសញ្ញាយ៉ាងច្បាស់មួយរបស់ប្រទេសនេះដើម្បីពង្រីកការបើកចំហ និងបង្ហាញនូវក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្លួនក្នុងការចែករំលែកឱកាសជាមួយពិភពលោក៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល