មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ រងការចោទថាឃាត់ខ្លួនមន្ត្រីគយ ដោយគ្មានដីកា និងគ្មានកំហុស(មានវីដេអូ)

https://www.youtube.com/watch?v=3Ecv7L4lmJA&t=4s
TNM (ព្រះសីហនុ) ៖ ពិតជាអស្ចារ្យមែន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ គ្រាន់តែគេពាក់ម៉ាសជិតមុខ ជិះរថយន្តតាមពីក្រោយ រថយន្តក្បួនរបស់ខ្លួន ក៏បញ្ជាឲ្យកូនចៅស្ទាក់ឡាន ឆែកឆេរ និងចាប់មនុស្សបញ្ជូលក្នុងរថយន្ត យកទៅវាស់កម្ពស់ សួរចម្លើយភ្លាម ទាំងគេគ្មានកំហុស ធ្វើឲ្យផ្អើលអស់អ្នកដំណើរ និងមានការរិះគន់យ៉ាងខ្លាំង។

យោងតាមសំដីរបស់លោក សិទ្ធិ កូសាំងស៊ីន ដែលជាមន្ត្រីគយចល័ត នៅខេត្តកោះកុង បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគឺជាជនរងគ្រោះ ដោយសារការប្រើអំណាចទាំងបំពានច្បាប់ ដែលប្រព្រឹត្តដោយមេបញ្ជាការ កងរាជអាវុធហត្ថខេតុ្តព្រះសីហនុ។ លោក សិទ្ធិ កូសាំងស៊ីន បានបញ្ជាក់ថា កាលពីរសៀលម៉ោង៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចផ្លូវជាតិលេខ៤ គីឡូលេខ១០៨ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លោក ហេង ប៊ុនទី ដែលជាមេញ្ជាការកងរាជវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាឲ្យកូនចៅរបស់ខ្លួន មកស្ទាក់ឡានរបស់លោក និងឆែកឆេរក្នុងឡាន ហើយចាប់គ្រៀកលោកបញ្ជូលក្នុងរថយន្តសារ៉ែន យកទៅវ៉ាស់កម្ពស់ និងសួរចម្លើយ គ្រាដែលរូបលោកកំពុងធ្វើដំណើរតាមរថយន្ត ទើបចេញពីផ្ទះ និងចម្ការ ទាំងលោកគ្មានបានធ្វើអ្វី ឬប្រព្រឹត្តកំហុសអ្វីសោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់លោកយ៉ាងខ្លាំង ខណៈដែលលោកគឺជាមន្ត្រីគយ ដែលមានលិខិតឧទ្ទេសនាមបេសកកម្ម ជាប់នឹងខ្លួនស្រាប់។
មន្ត្រីគយដដែលបានបញ្ជាក់ទៀតថា គ្រាដែលលោកកំពុងជាប់ក្នុងបន្ទប់សួរចម្លើយជាង៣ម៉ោង មានបុគ្គល២រូប ដែលកំពុងទំនាក់ទំនងការងារជាមួយលោក និងរកស៊ីមានហ៊ុនជាមួយគ្នា ទី១ឈ្មោះពិសី និងម្នាក់ទៀតឈ្មោះ ឃាង វុធពៅ ជាមន្ត្រីបរិស្ថាន បានប្រាប់លោកថា ពួកគេបានដកយកលុយរបស់លោក ចំនួន៥០០០ដុល្លារ ជាថ្នូនឹងការជួយសម្រួលឲ្យដោះលែង រូបលោកឲ្យមានសេរីភាពវិញ ដោយពេលនោះឈ្មោះ ពិសី បានប្រាក់លោកថា ប្រាក់៥០០០$នោះ គឺឈ្មោះ ឃាង វុធពៅ យកទៅដោះស្រាយជាមួយព្រះរាជអាជ្ញា និងថ្លៃរត់ការផ្សេងៗ។ ករណីនេះ ទើបលោកចាត់ទុកថា ការឃាត់ខ្លួនរបស់លោក គឺធ្វើឡើងដោយខុសច្បាប់ ក្នុងបំណងមិនល្អ ដើម្បីចង់បានប្រាក់របស់លោក ព្រោះរូបលោកមិនមានកំហុសអ្វី និងមិនមានបទល្មើសអ្វី ដែលត្រូវចាយលុយដើម្បី ធានាខ្លួននោះឡើយ បើសិនលោកមានកំហុស លោកព្រមទទួលខុសត្រូវចំពោះមុខច្បាប់ មិនគួរធ្វើរបៀបនេះឡើយ។ ម្យ៉ាងទៀតនរណាក៏ដឹងដែរថា លោក ឃាង វុធពៅ គឺជាបងធម៌ប្អូនធម៌យ៉ាងស្អិតរមួត ជាមួយលោក ហេង ប៊ុនទី មេប៉េអឹមខេត្តព្រះសីហនុ។ ហើយលោកក៏បានបង្ហាញលិខិតបេសកកម្ម ដឹងថាលោកជាមន្ត្រីគយរួចហើយ ហេតុអ្វីនៅតែចាប់លោកចូលឡាន ហាក់ដូចលោកជាឧក្រិដជនយ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងការលើកឡើងទាំងនេះ អង្គភាពយើងមិនអាចសុំការ បំភ្លឺបកស្រាយ ពីលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ អំពីដំណើររឿងហេតុ ដែលឃាត់ខ្លួនមន្ត្រីគយនេះ ហើយរកកំហុសមិនឃើញបែបនេះ។ ដោយសារតែលោក សុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ហើយបង្វែរឲ្យទៅសួរអ្នកនាំពាក្យកងរាជអាវុធហត្ថ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៌ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសថា សំណុំរឿងនេះ តាមការបំភ្លឺរបស់មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ការឃាត់ខ្លួនមន្ត្រីគយខាងលើ គឺធ្វើឡើងដោយសារមន្ត្រីគយរូបនោះ ជិះរថយន្តតាមក្រោយរថយន្ត របស់កម្លាំងកងរាជអាវុធហត្ថ ដោយមានពាក់ម៉ាស់បិតមុខជិតដូចនិនចា ទើបធ្វើឲ្យមេប៉េអឹមនាំខ្លួនទៅសួរនាំ។ អ្នកនាំពាក្យដដែល មិនបានបញ្ជាក់ថា ការពាក់ម៉ាសបិទមុខជិតបែបនេះ ខុសនឹងច្បាប់ឬក៏យ៉ាងណាទេ។
យ៉ាងណាក៏ដោយ លោក សិទ្ធិ កូសាំងស៊ីន ដែលជាមន្ត្រីគយ ត្រូវអាវុធហត្ថចាប់ខ្លួន បានបញ្ជាក់ប្រាប់ចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័នថា ការពាក់ម៉ាសបិទមុខរបស់លោក គឺក្នុងគោលបំណងការពារកម្តៅថ្ងៃ និងស្ថានភាពកូវីដ១៩ ព្រោះលោកទើបតែចេញពីចម្ការ របស់ខ្លួននោះក្បែរកន្លែងនោះ ក៏ជិះរថយន្តតាមផ្លូវ គាប់ជួនជួបនឹងឡាន របស់មេប៉េអឹមខេត្ត ដែលមានក្បួនឡានល្បាត និងមានកម្លាំងប្រដាប់អាវុធជាច្រើននាក់។ លោកថា លោកមិនមានបំណង តាមធ្វើឃាត់មេបញ្ជាការប៉េអឹម ដូចលោក ហេង ប៊ុនទី រាយការណ៍ប្រាប់គេឯងឡើយ ព្រោះក្នុងរថយន្តរបស់លោក គឺគ្មានអាវុធ និងសម្ភារៈអ្វីគួរឲ្យគ្រោះថ្នាក់ឡើយ មានតែមនុស្ស២នាក់តែប៉ុណ្ណោះ ហើយលោកក៏ចាស់មានជំងឺថែមទៀត ធ្វើយ៉ាងមិចទើបអាចបង្កគ្រោះថ្នាក់ដល់ មេបញ្ជាការប៉េអឹមបាន ព្រោះកម្លាំងកូនចៅរបស់គាត់ នៅជាមួយមេពេញក្នុងរថយន្ត។ ម៉្យាងទៀត តើមានហេតុផលអ្វីទើបធ្វើឲ្យ លោក ហេង ប៊ុនទី ដែលជាមេញ្ជាការ ភ័យខ្លាចដល់ថ្នាក់នេះ បើសិនជារូបលោកជាមនុស្សល្អនោះ គ្មាននរណាតាមព្យាបាទនោះទេ។ លោកបានបង្ហាញលិខិតបេសកកម្ម ដែលបញ្ជាក់ថាលោកជាមន្ត្រីគយ ឲ្យមន្ត្រីអាវុធហត្ថមើលហើយ តែនៅតែចាប់លោកចូលឡានដដែល ជារឿងធ្វើឲ្យប៉ះពាល់ដល់កិត្តយសលោក

ដែលជាមន្ត្រីគយ។ ករណីនេះលោក បានសំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយមានវិធានការ និងពិនិត្យលើករណីនេះ ដើម្បីផ្តល់ភាពស្អាតស្អំជូនរូបគាត់ផង ពិសេសគឺពិនិត្យលើកិច្ចការអនុវត្តច្បាប់ របស់លោក ហេង ប៊ុនទី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកុំឲ្យមានការប្រើអំណាចបំពាន លើអ្នកដ៏ទេតាមអំពើចិត្តបែបនេះ៕

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង