ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យ ក្នុងកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G)

ភ្នំពេញ ថ្ថៃទី២៨ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយនិងប្រាកដ ក្នុងកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្ត ទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២១នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកប ដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន»។ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩» នៅក្នុងសម័យប្រជុំកិច្ចសន្ទនា របស់ថ្នាក់ដឹកនាំដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន១- ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩។ ២-ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុទៅលើសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង៣- សារៈសំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាលវិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុនិងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។កិច្ចប្រជុំកំពូលP4Gលើកទី២នៅទីក្រុងសេអ៊ូល នឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕ដោយ៖ ជឹម ណារី

អត្ថបទដែលជាប់ទាក់ទង