លោក ស៊ី មើលឃើញនូវសក្តានុពលដ៏ធំធេងនៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃទំនាក់ទំនងរវាងចិន និងសហភាពអ៊ឺរ៉ុប ចំពោះទស្សនវិស័យជាយុទ្ធសាស្ត្រ និងគ្រប់គ្រងភាពខុសគ្នារបស់ពួកគេឱ្យបានត្រឹមត្រូវ ព្រោះឱកាសក៏ដូចជាបញ្ហាប្រឈមត្រូវបានគេមើលឃើញថាមានសម្រាប់ទំនាក់ទំនងរបស់ពួកគេនាពេលអនាគត។
លោក ស៊ី បាននិយាយជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធថា លោកសង្ឃឹមថារដ្ឋាភិបាលអេស្ប៉ាញនឹងបន្តដើរតួនាទីស្ថាបនាក្នុងការជំរុញការអភិវឌ្ឍប្រកបដោយស្ថេរភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប។
លោក ស៊ី បាននិយាយថា បើទោះបីជាមានឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏សក្តានុពលដ៏ធំធេងត្រូវបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងសហភាពអឺរ៉ុប ដោយលោកបានកត់សម្គាល់ថា គំនិតជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងចិន និងសហភាពអឺរ៉ុបដែលមានកិច្ចសហប្រតិបត្តិការដោយផ្អែកទៅលើលទ្ធផលឈ្នះឈ្នះគួរតែត្រូវបានរក្សា។
លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីជាមួយអេស្ប៉ាញ ជំរុញគម្រោងសហប្រតិបត្តិការនៅក្នុងតំបន់ ដូចជាវិស័យភ័ស្តុភារ កំពង់ផែ និងទីក្រុងឆ្លាតវៃ ពង្រឹងកិច្ចសហប្រតិបត្តិការទីផ្សារភាគីទីបីនៅអាមេរិកឡាទីន និងអាហ្វ្រិក ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនទ្វេភាគី។
លោក ស៊ី ក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងការផ្លាស់ប្តូរគណបក្សនយោបាយ និងការចែករំលែកបទពិសោធន៍នៃអភិបាលកិច្ចរវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវអភិបាលកិច្ចពិភពលោកផងដែរ។
លោក Sanchez បាននិយាយថា វាចាំបាច់ជាងពេលណាៗទាំងអស់ដែលប្រទេសទាំងអស់ត្រូវរួបរួមគ្នា និងសហប្រតិបត្តិការ និងការពារពហុភាគីនិយមចំពោះមុខនៃបញ្ហាប្រឈមធ្ងន់ធ្ងរដែលបានកើតឡើងដោយជំងឺរាតត្បាតកូវីដ-១៩។
អេស្ប៉ាញស្វាគមន៍ចំពោះការវិនិយោគពីបណ្តាក្រុមហ៊ុនចិន ហើយនឹងបន្តដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងចិន៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល