​​ឯកឧត្តម លុយ ដាវីត ៖ កម្ពុជា កំពុងបន្តរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប (ASEM) នៅចុងឆ្នាំនេះ ជាលក្ខណៈកិច្ចប្រជុំទល់មុខ

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានប្រចាំការគណៈកម្មាធិការជាតិ និងជាប្រធានលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បាននិងកំពុងបន្តរៀបចំកិច្ចប្រជុំកំពូលនេះជាលក្ខណៈប្រជុំទល់មុខ (physical)។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ផងដែរថា ៖ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពក្នុងការកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ហើយយើងក៏បានការឯកភាពរួចហើយដែររវាងប្រទេសដៃគូ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ទាំង៥៣ផងដែរ។

ឯកឧត្តមបានបន្ថែមថា គិតមកដល់ថ្ងៃនេះ ពិតមែនតែកិច្ចប្រជុំកំពូលនេះ មិនទាន់ដឹងជាក់លាក់នៅឡើយថា នឹងប្រព្រឹត្តទៅជាលក្ខណៈ កិច្ចប្រជុំទល់មុខ ឬអាចជាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ប៉ុន្តែលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលនេះ បានត្រៀមលក្ខណៈ និងបន្តរៀបចំជាកិច្ចប្រជុំទល់មុខ ប៉ុន្តែអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង ក្នុងករណីដែលស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ មិនមានភាពធូរស្រាលទេនោះ លេខាធិការដ្ឋានអាចនឹងកែសម្រួលការរៀបចំកិច្ចប្រជុំទៅជាលក្ខណៈតាមប្រព័ន្ធវីដេអូវិញ ហើយក៏បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមាន ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន ដើម្បីកំណត់ថានឹងប្រើវិធានការសុខាភិបាលមួយណា ក្នុងការអនុវត្តនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តម លុយ ដាវីត ក៏បានស្នើ ឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការទាំង ០៦ ត្រូវបន្តសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។

សូមរម្លឹកថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប ប៉ុន្តែដោយស្ថានភាពនៃការរាលដាលវីរុសកូវីដ-១៩ នៅទូទាំងពិភពលោកនៅពេលនោះ កម្ពុជាក៏ស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកពេលនៃកិច្ចប្រជុំនេះ មកធ្វើនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះវិញ៕ ដោយ ផែន រតនៈ

អត្ថបទដែលជាប់ទាក់ទង