រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងការធ្វើតេស្តរកកូវីដ លើអ្នកសង្ស័យ
ភ្នំពេញ៖ រដ្ឋមន្ដ្រីសុខាភិបាលបានណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងការធ្វើតេស្តរកកូវីដ លើអ្នកសង្ស័យ មកពីខេត្តនិងប្រទេសមានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ តាមរយៈសេចក្តីប្រកាសព័ត៌មានដោយជម្រាបជូនដល់ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត បន្តអនុវត្តនូវវិធានការដូចខាងក្រោមឲ្យមាន ប្រសិទ្ធភាពខ្ពស់ ដោយហេតុថាមានការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាងរបស់យើង ហើយជាពិសេសពលករចំណាក ស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ ។
ឯកឧត្តមម៉ម ប៊ុនហេង បន្តថា ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ពង្រីកការធ្វើតេស្តកូវីដ-១៩ អ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេស ប្រទេសថៃ។ ពង្រឹងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុង ដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឲ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំ កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ៕