ប្រទេសចិន និងរុស្ស៊ីកំពុងសំឡឹងមើលដំណោះស្រាយចំពោះភាពវឹកវរពិភពលោក ស្រពពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញ

​ប្រទេស​ចិន និង​រុស្ស៊ី​បានធ្វើ​កិច្ច​ពិគ្រោះ​យោបល់​មួយ ស្តីពី​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​ថ្មី​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​មូ​ស្គូ ហើយ​ក្នុងអំឡុងពេល​មាន​អន្ត​រកម្ម​ជា​ញឹកញាប់​រវាង​មហាអំណាច​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពិភពលោក​បានបង្ហាញ​អំពី​និន្នាការ​គ្រោះថ្នាក់​នៃ​ភាពច្របូកច្របល់ ឬ​ភាព​តានតឹង​នៅក្នុង​តំបន់​មួយចំនួន រួមទាំង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល និង​ប៉ាស៊ីហ្វិក​ខាងលិច​ផងដែរ ដោយសារ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​សកលលោក​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​។​

​ ​ក្រុមអ្នកវិភាគ​ចិន​បាន​និយាយថា ការផ្លាស់ប្តូរ​ថ្មីៗ​នេះ​ជាទូទៅ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​អនុត្តរភាព​របស់​សហ​រដ្ឋ​អាមេរិក ហើយ​មិន​ត្រឹមតែ​សម្ពាធ និង​អរិភាព​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ដែល​ជំរុញ​ឱ្យ​ចិន និង​រុស្ស៊ី​ឈរ​កាន់តែ​ជិតគ្នា​នោះ ប៉ុន្តែ​ការធ្លាក់ចុះ​នៃ​កម្លាំង និង​ឥទ្ធិពល​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​តំបន់​ខ្លះ​ក៏​នឹង​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង និង​មូ​ស្គូ​ធ្វើការ​ពិចារណា​អំពី​វិធី​ដោះស្រាយ​បទបញ្ជា​ថ្មី​ក្នុង​តំបន់​ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​មាន​ស្ថេរភាព និង​ការពារ​ផលប្រយោជន៍​របស់​ពួកគេ​ផងដែរ​បន្ទាប់ពី​សហរ​ដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​។​

​អ្នកការទូត​កំពូល​ចិន លោក Yang Jiechi និង​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី លោក Nikolai Patrushev បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ច​ពិគ្រោះ​យោបល់​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​លើក​ទី ១៦ កាលពី​ថ្ងៃ​អង្គារ ដែលជា​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រឈមមុខ​ទាំង​ការគំរាមកំហែង​សន្តិសុខ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​

​លោក Yang ដែលជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន និង​ជា​ប្រធានការិយាល័យ​កិច្ចការបរទេស​នៃ​គណៈកម្មការ​មជ្ឈិម CPC បាន​ផ្ញើ​សារ​ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នៅក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ថ្ងៃ​អង្គារ​នោះ ដែល​បាន​រំលឹក​ឡើងវិញ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​រុស្ស៊ី​។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​បន្ទរ​សារ​នេះ​ដោយ​សង្ឃឹមថា លោក Yang បាន​សួរសុខទុក្ខ​របស់លោក​ចំពោះ​លោក ស៊ី ហើយ​មេដឹកនាំ​កំពូល​ទាំងពីរ​នឹង​រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង