ប្រទេសសិង្ហបុរីបន្ធូរបន្ថយការរឹតត្បិតការនាំចូលអាហារពីខេត្តហ្វ៊ូគូស៊ីម៉ានៃប្រទេសជប៉ុន

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​និយាយថា ប្រទេស​សិង្ហ​បុរី​នឹង​លុប​ចោលការ​រឹតត្បិត​ទៅលើ​ការ​នាំចូល​ស្បៀងអាហារ​ពី​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា​របស់​ប្រទេស​ជប៉ុន​។ ការ​រឹតត្បិត​ទាំងនេះ​ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ​កាលពី​ក្នុង​ឆ្នាំ ២០១១ ។​

​លោក លី បានធ្វើ​សេចក្តីប្រកាស​នេះ​ក្នុងអំឡុងពេល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី ២៥ ខែឧសភា ជាមួយ​សម​ភាគី​ជប៉ុន​លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​។​

​ភាគី​ទាំងពីរ​បាន​សន្យាថា​នឹង​សហការគ្នា​នាពេល​ខាងមុខនេះ​សម្រាប់​ការចែក​ចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រឹមត្រូវ​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង ៥៤ ដែល​បាន​ដាក់ចេញ​នូវ​ការ​រឹតត្បិត​ចំពោះ​ការ​នាំចូល​ផលិតផល​ស្បៀងអាហារ និង​ផលិតផល​រាវ​ពី​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា បន្ទាប់ពី​មាន​គ្រោះថ្នាក់​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Daiichi នៅក្នុង​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា​។ ក្រោយមក ប្រទេស​ជាច្រើន​បាន​ដកចេញ​នូវ​ការ​រឹតត្បិត​នោះ ហើយ​នៅសល់តែ​ប្រទេស​ចំនួន ១៥ ប៉ុណ្ណោះ​ដែល​នៅ​រក្សា​ការ​រឹតត្បិត​នោះ​រហូតមកដល់​បច្ចុប្បន្ន​។​

​កាលពី​ក្នុង​ខែមករា ឆ្នាំ ២០២០ ប្រទេស​សិង្ហ​បុរី​បាន​ដកចេញ​នូវ​ការហាម​ប្រាម​ស្តីពី​ការនាំ​ចូល​ស្បៀងអាហារ​ពី​ទីក្រុង​មួយចំនួន​នៅ​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា​ដោយមាន​លក្ខ​ខ័​ណ្ឌ​នៃ​ការដឹកជញ្ជូន​ត្រូវតែមាន​លិខិតបញ្ជាក់​នូវ​ទីកន្លែង​ប្រភពដើម​របស់​ផលិតផល​ទាំងនោះ ព្រមទាំង​មាន​ត្រួតពិនិត្យ​សម្រាប់​សារធាតុ​វិទ្យុសកម្ម​។​

​លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ហ្កា និង​សម​ភាគី​លោក លី សៀន​ឡុង ក៏បាន​ព្រមព្រៀងគ្នា​ផងដែរ​ក្នុង​ការធ្វើការងារ​ជាមួយគ្នា​ដើម្បី​សម្រេចបាន​នូវ​សេរីភាព និង​ការបើកចំហ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​រួមទាំង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការពារជាតិ​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង