ប្រទេសឥណ្ឌូណេស៊ីព្យាករកំណើនសេដ្ឋកិច្ចចំនួន ៨,៣ភាគរយនៅក្នុងត្រីមាសទី ២

​លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំសភា​កាលពីពេល​ថ្មីៗ​នេះ​ជាមួយ​គណៈកម្មាធិការ​ទី ៩ នៃ​សភាតំណាងរាស្ត្រ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ឈានដល់​ចន្លោះ​ពី ៧,១ ទៅ ៨,៣​ភាគរយ​នៅក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំនេះ​។​

​ ​ការ​ព្យាករ​នេះ​មាន​ចំនួន​ខ្ពស់ជាង​ការ​ព្យាករ​របស់​ប្រធានាធិបតី លោក ចូ​កូ វី​ដូ​ដូ ដែលមាន​ចំនួន ៧​ភាគរយ​។​

​ ​លោកស្រី​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា ការ​ព្យាករ​ចុងក្រោយ​នេះ​មាន​ចំនួន​ខ្ពស់ជាង​កំណើន​អវិជ្ជមាន ០,៧​ភាគរយ​ដែល​បាន​កត់ត្រា​នៅក្នុង​ត្រីមាស​ទី ១ ដោយ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកទៅលើ​ការកើនឡើង​នៃ​ស​ន្ទ​ស្សន៍​ដែល​បាន​រំពឹងទុក​។ ការប្រើប្រាស់​ក្នុង​គ្រួសារ​បានរួម​ចំណែក​ធំ​បំផុត​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​ពី ៦ ទៅ ៦,៨​ភាគរយ ការចំណាយ​របស់​រដ្ឋា​ភិ​បាល​មាន​ពី ៨,១ ទៅ ៩,៧​ភាគរយ ការវិនិយោគ​មាន​ពី ៩,៤ ទៅ ១១,១​ភាគរយ ការនាំចេញ​មាន​ពី ១៤,៩ ទៅ ១៩,៧​ភាគរយ និង​ការ​នាំចូល​មាន​ពី ១៣ ទៅ ១៩,៧​ភាគរយ​។​

​យោងតាម​លោកស្រី​រដ្ឋមន្ត្រី​រូបនេះ​បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ជាច្រើន​បាន​កើនឡើង​នៅក្នុង​ខែមេសា និង​ខែឧសភា រួមទាំង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ពិភពលោក ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ពិភពលោក (PMI) បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែមេសា ឆ្នាំ ២០១០ មក​។​

​ស​ន្ទ​ស្សន៍​នៃ​ទំនុកចិត្ត​អ្នកប្រើប្រាស់​ឥណ្ឌូណេស៊ី (CCI) ក៏មាន​ការកើនឡើង​ពី ៩៣,៤ ដល់ ១០១,៥ ផងដែរ​កាលពី​ក្នុង​ខែមេសា ហើយ​ការប្រើប្រាស់​ថាមពល​បាន​កើនឡើង ៦,៣​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​កំណើន​អវិជ្ជមាន​នៅក្នុង​ត្រីមាស​មុន​។​

​លើសពីនេះ​ទៀត ទាំង​ការ​នាំចូល និង​ការនាំចេញ​ត្រូវបាន​គេ​មើលឃើញថា​មានការ​កើនឡើង ហើយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។​

​ទោះជា​យ៉ាងណា ការ​ព្យាករ​របស់លោក​ស្រី Sri Mulyani ស្តីពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២១ នៅតែ​មិន​ផ្លាស់ប្តូរ គឺ​នៅត្រឹម ៤,៥ ទៅ ៥,៣​ភាគរយ​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង