ជើងខ្លាំងខាងកាងដី ឈ្មោះ សឿន ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់ព្រះរាជអាជ្ញាខេត្តកណ្តាល
កណ្តាល ៖ ជើងខ្លាំងខាងកាងដី ឈ្មោះ សឿន ចំរើន ហៅជាងអូន អាយុ២៥ឆ្នាំ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស «ធ្វើអោយខូចខាតដោយចេតនា» តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
របាយការណ៍ពីសមត្ថកិច្ច ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានអោយដឹងថា ករណីនេះ កើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉េង សុខណាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ នៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ សឿន ចំរើន ហៅជាងអូន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរគួកជេដី នៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា ជនសង្ស័យឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួន ។ ក្រោយមកតាមបញ្ជារបស់លោកអធិការឱ្យកម្លាំងជំនាញចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍និងអាជ្ញាធរភូមិឃុំ ចុះទៅដល់កន្លែងហេតុដើម្បីការពារកុំឱ្យមានអំពើហិង្សានិងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នានៅសាលាឃុំ ឬ សាលាស្រុកក៏បាន ប៉ុន្តែភាគីខាង សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជាឱ្យកូនចៅថតសមត្ថកិច្ច ហើយទាមទារឱ្យសមត្ថកិច្ចនិងអាជ្ញាធរ ដោះស្រាយឱ្យខ្លួននៅកន្លែងកើតហេតុឱ្យចប់រឿង ។
បន្ទាប់មក លោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអធិការដ្ឋានវិញ ។ លុះក្រោយមក ជនរងគ្រោះឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ វាយបំផ្លិចបំផ្លាញ ធ្វើអោយខូចខាតដោយចេតនា ។
ក្រោយពីទទួលពាក្យបណ្តឹងរួច អធិការដ្ឋានស្រុកអង្គស្នួល បានចេញលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន ដោយយោងតាមបណ្តឹងខាងលើ ប៉ុន្តែមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ ។
រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ចំរើន តាមដីកាបញ្ជាអោយចូលខ្លួន ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា» របស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។ សមត្ថកិច្ច សន្និដ្ឋានថា ករណីនេះផ្តើមចេញពីវិវាទដីធ្លី ៕