សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ធ្វើការសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដារអន្តរជាតិ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ក្នុងទឹកដីខេត្តព្រះសីហនុ ធ្វើការសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដារអន្តរជាតិ សម្រាប់ម្រើដល់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការសម្រេចសាងសង់ទីលាននេះ ត្រូវបានធ្វើឡើងរវាងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងក្រុមហ៊ុន Yeejia Tourism Development Company LTD តាមរយៈការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការសាងសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍រាម បូទិក ដែលមានគម្រោងសាងសង់រយៈពេល១ឆ្នាំលើផ្ទៃដីសរុប ២៥ហិកតា។
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានប្រសាសន៍ថា ទីលានបាញ់កាំភ្លើងស្តង់ដារអន្តរជាតិនេះ គឺសហព័ន្ធបានកំណត់ការសាងសង់ក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ ដើម្បីឱ្យក្រុមជម្រើសជាតិបាញ់កាំភ្លើងកម្ពុជាស្នាក់នៅ-ហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាព ត្រៀមឆ្ពោះទៅរកការប្រកួតកម្រិតអន្តរជាតិនានា ពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមប្រធានសហព័ន្ធគូសបញ្ជាក់ថា ទីលានកម្រិតស្តង់ដារមួយនេះ មិនត្រឹមជាកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តផងដែរ។ ដូច្នេះហើយទីលានបាញ់កាំភ្លើងនេះ នឹងក្លាយជាចលករទាក់ទាញកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ មូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើសយកឧទ្យានជាតិរាម ខេត្តព្រះសីហនុ ធ្វើជាទីលានដោយសហព័ន្ធមើលឃើញថា នៅរាជធានីភ្នំពេញមានកីឡាច្រើនប្រភេទប្រកួតហើយ ដូច្នេះខេត្តព្រះសីហនុ គឺជាគោលដៅទេសរចតំបន់ឆ្នេរដ៏មានសក្តានុពលមួយ សម្រាប់ទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេស គឺកីឡាករ កីឡាការិនីអន្តរជាតិ។
លោក ហ្វូ ស៊ានធីង អគ្គនាយកក្រុមហ៊ុន Yee Jia មានប្រសាសន៍ថា ដោយក្រុមហ៊ុនមើលឃើញថា កីឡាបាញ់កាំភ្លើង ជាប្រភេទសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺជួយជំរុញដល់គុណភាពបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្កេម ឆ្នាំ២០២៣ផងដែរ។ ការផ្តល់ជូនទីតាំងនេះ វាជាប្រភពទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តព្រះសីហនុ និងនៅរមណីយដ្ឋាននេះកាន់តែច្រើនផងដែរ។ លោកអគ្គនាយកអះអាងថា ក្រុមហ៊ុននឹងជួយសាងសង់ទីលានជូនសហព័ន្ធ ដើម្បីបម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជួយជំរុញនូវផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធឱ្យទទួលបានជោគជ័យផងដែរ។
គួរបញ្ជាក់ថា ទីលានកីឡាបាញ់កាំភ្លើងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ២ទៅ៣លានដុល្លារអាម៉េរិក។ ខេត្តព្រះសីហនុ គឺគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗចំនួន៥ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្រៅពីកីឡាបាញ់កាំភ្លើង គឺកីឡាទូកក្តោង និងម៉ូតូទឹកក៏ធ្វើនៅខេត្តព្រះសីហនុនេះដែរ ស្របពេលដែលខេត្តកំពត ទទួលរៀបចំកីឡាប្រណាំងទូកនាគ ទូកកានូ កាយ៉ាក និងរ៉ូអ៊ីង រីឯខេត្តកែបទទួលធ្វើម្ចាស់ផ្ទះ ប្រភេទកីឡាទ្រីយ៉ាត្លុង ៕