កម្ពុជានឹងមានមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀនសម្រាប់ដាក់អនីតិជន ល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់។
បើតាមការបញ្ជាក់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងថា នេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើង គឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន សម្រាប់ដាក់អនីតិជន ល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់។
ការបញ្ជាក់នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអមដំណើរឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញត្រួតពិនិត្យ សំណង់អគារនានា ក្នុងមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
សូមបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ក្នុងការផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឱ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។
មណ្ឌលយុវនីតិសម្បទា មានទីតាំងនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
រីឯមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា