ប្រទេសថៃរាយការណ៍អំពីការផ្ទុះឡើងនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងជំរុំស្នាក់នៅកម្មករសំណង់
អាជ្ញាធរថៃកាលពីថ្ងៃទី ២៤ ខែឧសភា បានបញ្ជាក់អំពីការផ្ទុះឡើងនៃការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទាក់ទងទៅនឹងការដ្ឋានសំណង់ MRT មួយនៅក្នុងខេត្តណុនថាបូរីជាប់នឹងទីក្រុងបាងកក។
កាលពីថ្ងៃទី ២២ ខែឧសភា សំណាកកម្មករចំនួន ៩០០នាក់នៅក្នុងជំរុំស្នាក់នៅត្រូវបានធ្វើតេស្ត ដែលក្នុងនោះមាន ៥១៩នាក់ត្រូវបានបញ្ជាក់ថាមានវិជ្ជមានចំពោះជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែឧសភា។
អាជ្ញាធរបាននិយាយថា ភាគច្រើននៃកម្មករនៅជំរុំស្នាក់នៅនោះ គឺជាជនចំណាកស្រុក ហើយនឹងត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កក្នុងជំរុំស្នាក់នៅ ខណៈដែលមិត្តរួមការងារថៃនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅតាមមូលដ្ឋាន។ ជំរុំស្នាក់នៅនោះត្រូវបានបញ្ជាឱ្យបិទចាប់ពីល្ងាចថ្ងៃទី ២៤ ខែឧសភា។
នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីភាគច្រើននៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញក្នុងចំណោមកម្មករសំណង់នៅទីក្រុងបាងកក រួមទាំងការឆ្លងទម្រង់មេរោគ SARS-CoV-2 B.1.617.2 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល