ប្រទេសថៃព្រមានអំពីការកើនឡើងនៃភាពអត់ការងារធ្វើដោយសារជំងឺកូវីដ-១៩
ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃបានព្រមានថា ភាពអត់ការងារធ្វើនៅក្នុងប្រទេសថៃទំនងជានឹងកើនឡើងនៅក្នុងឆ្នាំនេះដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរដែលត្រូវបានទទួលពីរលកទី ៣ នៃការផ្ទុះការរាលដាលជំងឺកូវីដ-១៩ ។
លោក Danucha Pichayanan អគ្គលេខាធិការ NESDC បាននិយាយថា រលកទី ៣ នៃការផ្ទុះការរាលដាលជំងឺរាតត្បាតនេះទំនងជាការអូសបន្លាយពេលយូរ និងរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់គោលដៅរបស់ខ្លួនដោយសារតែសកម្មភាពមានការធ្លាក់ចុះ។
លោក Danucha បាននិយាយថា «កម្មករនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) អាចជួបប្រទះនូវការបាត់បង់ការងារច្រើនបំផុត ឬត្រូវបានកាត់បន្ថយម៉ោងធ្វើការដោយសារអាជីវកម្មទាំងនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុនមក។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុមហ៊ុន MSMEs បានធ្លាក់ចុះ ៩,១ភាគរយ។ ប្រសិនបើការផ្ទុះឡើងនេះមិនត្រូវបានទប់ស្កាត់យ៉ាងឆាប់រហ័សទេនោះ អាជីវកម្មទាំងនេះអាចនឹងមិនអាចបន្តប្រតិបត្តិការបានទេ ដែលបណ្តាលឱ្យមានការបញ្ឈប់និយោជិតជាអចិន្ត្រៃយ៍ និងពន្យារពេលការស្តារឡើងវិញ»។
លោកបានលើកឡើងអំពីមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារទេសចរណ៍នៃ TAT ដោយព្យាករថា វិស័យទេសចរណ៍ទំនងជានឹងវិលមករកភាពប្រក្រតីវិញនៅក្នុងឆ្នាំ ២០២៦ ។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នឹងពន្យាពេលនៃការបន្តសេវាកម្មទេសចរណ៍ធម្មតាឡើងវិញ ហើយបញ្ហានេះនឹងប៉ះពាល់ដល់បុគ្គលិកទេសចរណ៍ជាង ៧លាននាក់។ ប្រសិនបើនិយោជិតត្រូវបានបញ្ឈប់ពីការងារ ពួកគេនឹងមិនអាចវិលត្រឡប់ទៅធ្វើការក្នុងវិស័យដូចគ្នានោះបានទេក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអាចនឹងត្រូវផ្លាស់ប្តូរអាជីពរបស់ពួកគេទាំងអស់គ្នា។
លោកក៏បានព្រមានផងដែរថា ប្រហែលជាមិនមានការផ្តល់ការងារគ្រប់គ្រាន់សម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សានោះទេ។ ជាមួយនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនក្នុងអត្រាទាបជាងការរំពឹងទុកនេះ បណ្តាសហគ្រិននឹងពន្យារពេលជួលបុគ្គលិកថ្មី ហើយនេះនឹងប៉ះពាល់ដល់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សាថ្មីចំនួន ៤៩០ ០០០នាក់។ ទន្ទឹមនឹងនេះដែរ កម្មវិធីសម្រាប់និស្សិតបញ្ចប់ការសិក្សា និងនិយោជិតនៅក្រោមក្រឹត្យប្រាក់កម្ចីកាលពីឆ្នាំមុន ដែលមានរយៈពេលការងារ ១២ខែកំពុងឈានដល់ទីបញ្ចប់ ហើយបញ្ហានេះអាចប៉ះពាល់ដល់និយោជិតប្រមាណ ១៤០ ០០០នាក់។
ប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៣ ២២៦នាក់ ដោយមានអ្នកស្លាប់បន្ថែមចំនួន ២៦នាក់ទៀតកាលពីថ្ងៃទី ២៥ ខែឧសភា ដែលធ្វើឱ្យចំនួនករណីជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃមាន ១៣៥ ៤៣៩នាក់ និងស្លាប់សរុប ៨៣២នាក់។ ចំនួនអ្នកជំងឺដែលបានកត់ត្រានៅក្នុងរលកទី ៣ នៃការផ្ទុះជំងឺកូវីដ-១៩ មានចំនួន ១០៦ ៥៧៦នាក់ និងមានអ្នកស្លាប់ ៧៣៨នាក់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល