រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឱ្យស្ថាប័នតុលាការ បន្តដោះស្រាយសំណុំរឿងថ្មីៗ ដើម្បីចៀសវាងនៃ​ការកកស្ទះសំណុំរឿងបន្តទៀត

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានណែនាំឱ្យចៅក្រម ព្រះរាជ​អាជ្ញា មន្រ្តី​តុលា​ការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយ​សំណុំ​រឿងថ្មីៗបន្ថែម​ទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាម​សាលា​ដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។ ការណែនាំរបស់ឯក​ឧត្ដម​រដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់​ប្រធាន​សាលាដំបូងខេត្តពោធិ៍សាត់ ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ព្រះរាជអាជ្ញានៃអយ្យការអម​សាលា​ដំបូងខេត្តបាត់ដំបង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១ នៅខេត្ដបាត់ដំបង។

ឯកឧត្ដម កើត រិទ្ធ បានក្រើនរម្លឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តី​​តុលាការ និង​មន្រ្តីរាជការទាំងអស់ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹង​សមត្ថ​ភាពរបស់ខ្លួន ឱ្យ​ស្របតាមដំណើរវិវត្តន៍ នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំ ហើយ​​ត្រូវចូលរួម​លើក​កម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយ​ត្រូវប្រកាន់​ខ្ជាប់​ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជ​អាជ្ញា ទាំងក្នុង​ពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្ដមបានគូស​បញ្ជាក់ ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃ​សាលា​ដំបូង និង​អយ្យការ អម​សាលាដំបូង ដែលទទួលបានជោគជ័យក្នុងការអនុវត្ត​យុទ្ធនាការ​ដោះ ស្រាយការកកស្ទះ​សំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗ​បន្ថែម​ទៀត ដើម្បីចៀសវាង​ការ​វិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿង នៅ​តាម​សាលាដំបូង និង​អយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានជំរុញដល់ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលា ជម្រះក្តីទាំងអស់ ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើ ការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និង​ផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធានការនានាស្របតាមច្បាប់ចំពោះ​អ្នក​ដែលមិនគោរពវិន័យការងារ។

សូមជម្រាបជូនថា សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់​មុខ​តំណែង​នៅក្នុងពិធីនេះ រួមមាន ៖ ១- ឯកឧត្តម តេង រតនា ត្រូវបានតែងតាំងជា​ប្រធាន​សាលាដំបូងខេត្តពោធិ៍សាត់ ២- ឯកឧត្តម អ៊ុំ ចាន់ថុល ត្រូវបានតែងតាំងជាប្រធាន​សាលា​ដំបូងខេត្តឧត្តរមានជ័យ, ៣- ឯកឧត្តម គឹម ម៉េង ត្រូវបានតែងតាំងជាប្រធាន​សាលា​ដំបូង​ខេត្តប៉ៃលិន, ៤- ឯកឧត្តម កែវ សុជាតិ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការ​អមសា​លាដំបូងខេត្តបាត់ដំបង ៥- ឯកឧត្តម កើត វណ្ណារ៉េត ត្រូវបានផ្ទេរមកជាព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបន្ទាយមានជ័យ ៦- ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ត្រូវបានផ្ទេរ​មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និង ៧- ឯកឧត្តម សេង គីមឡាក់ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​ប៉ៃលិន៕​ដោយ  ប៊ុនរិទ្ធ ប្រភព៖ ក្រសួងយុត្ដិធម៌

អត្ថបទដែលជាប់ទាក់ទង