អភិបាលខេត្តកណ្ដាល បន្តជួបសំណេះសំណាល និងទទួលអំណោយពីមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួន និងរដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល ទទួលថវិកាពីមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកណ្ដាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ មន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
មន្ទីរដែលនាំយកថវិការួមមាន៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល, មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្ដាល, មន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល, មន្ទីរកិច្ចការនារីខេត្តកណ្ដាល, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល, មន្ទីរសុខាភិបាលខេត្តកណ្ដាល, រតនាគារខេត្តកណ្ដាល និងមន្ទីរព័ត៌មានខេត្តកណ្ដាល។
រដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកណ្ដាលដែលនាំយកថវិការួមមាន៖ រដ្ឋបាលក្រុងតាខ្មៅ, រដ្ឋបាលស្រុកកណ្ដាលស្ទឹង, រដ្ឋបាលស្រុកពញាឮ, រដ្ឋបាលស្រុកលើកដែក, រដ្ឋបាលស្រុកខ្សាច់កណ្ដាល, រដ្ឋបាលស្រុកល្វាឯម, រដ្ឋបាលស្រុកអង្គស្នួល, រដ្ឋបាលស្រុកកោះធំ, រដ្ឋបាលស្រុកមុខកំពូល និងរដ្ឋបាលស្រុកស្អាង៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល