រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញក្រុមការងារបោះពុម្ពសៀវភៅស្ដីពីកម្ពុជា ឆ្នាំ២០២១ ពន្លឿនឱ្យបានឆាប់ ដើម្បីត្រៀមផ្សព្វផ្សាយ និងធ្វើការចែកជូនក្នុងកិច្ចប្រជុំ ASEM នៅកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់ក្រុមការងារ ត្រូវពន្លឿនធ្វើឱ្យបានឆាប់រួចរាល់ក្នុងការបោះពុម្ពសៀវភៅស្ដីពីកម្ពុជា ឆ្នាំ ២០២១ ដែលមានជាភាសាខ្មែរ បារាំង អង់គ្លេស និងចិន ដើម្បីត្រៀមផ្សព្វផ្សាយ និងធ្វើការចែកជូនដល់ថ្នាក់ដឹកនាំ និងអ្នកដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប(ASEM) លើកទី១៣ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្ដីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍រវាងថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

បើតាមឯកឧត្ដម មាស សុភ័ណ្ឌ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់គណ:កម្មការបោះពុម្ពសៀវភៅ ពន្លឿនការបោះពុម្ពសៀវភៅ កំណាព្យ ដែលបានប្រមូលចងក្រងនូវកំណាព្យជិត១០០ ចាប់តាំងពីជំនាន់ឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៣ ដើម្បីជាកិច្ចឧទ្ទិសជូនទៅដល់វិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទុកជាឯកសារស្រាវសម្រាប់យុវជនសម័យក្រោយ ឱ្យបានដឹងពីការវិវត្ដរបស់ប្រទេសកម្ពុជាតាមសម័យកាលនីមួយៗ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បាន ស្នើឱ្យបន្តសិក្សាស្រាវជ្រាវ ប្រមូលរាល់ឯកសារស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងផ្សព្វផ្សាយរួមគ្នា ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធ បន្តអនុវត្តន៍ឱ្យបានល្អនូវផែនការ និងសកម្មភាពការងារនានារបស់ក្រសួងព័ត៌មាន ដែលទទួលខុសត្រូវទាក់ទងទៅនឹងការចូលរួមត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២១នេះ ក៏ដូចជាដំណើរការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២២ខាងមុខ៕ដោយ៖ រិទ្ធី, សម្រួលផ្សាយ៖ កន ចំណាន រូបថត៖ ខឹម សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង