បម្រាមគោចរណ៍នៅតែបន្តបិទមួយសប្តាហ៍ទៀត ជាមួយការផាកពិន័យមិនលើងលែង, ផ្សារទាំង២៥នៅតែបន្តបិទ, អ្នករត់ចេញពីតំបន់លឿងទុំនឹងមានទោសទណ្ឌ

អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរណ៍ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀតផង។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference នារសៀលថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាត យកមកអនុវត្តន៍បន្ត ក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជំងឺកូវីដ-១៩ ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា ១សប្តាហ៍ទៀត (ថ្ងៃ២០ ដល់ ២៧ ខែឧសភា) ដែលយើងត្រូវអនុវត្តន៍នេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះបម្រាមគោចរណ៍ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការផាកពិន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្មានចេតនាណាមួយចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួង សុខាភិបាល ដើម្បីយើងអាចផ្តាច់បានជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញ ម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង ។ ដូច្នេះយើងគ្មានមធ្យោ បាយដើម្បីនឹងបើកផ្សាររដ្ឋទាំងនេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ។

ឯកឧត្ដម ក៏បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិច វានឹងមានបញ្ហា ៕

ដោយ សួស សំរិត, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង