ក្រុមជម្រើសជាតិទូកកានូ-កាយ៉ាក់ និងរូអ៊ីងបង្កើនការហ្វឹកហាត់ត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១ នៅវៀតណាម

ក្រុមកីឡាករ កីឡាការិនី ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជម្រើសជាតិកម្ពុជា កំពុងតែសម្រុកការហ្វឹកហាត់បង្កើនគុនភាពបច្ចេកទេស ដើម្បីត្រៀមចូលរួម ប្រកួតប្រជែងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ ពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
លោក គង់ សុភាព គ្រូជំនួយ ក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ន សមាសភាពគ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីកីឡាទូក មានចំនួនសរុប៣៣នាក់ ក្នុងនោះមានកីឡាករ ២២នាក់ កីឡាការិនិ៦នាក់ និងគ្រូបង្វឹកម្នាក់ និងគ្រូជំនួយ៣នាក់ ដែលបន្តការហ្វឹកហាត់នៅតាមផ្ទះ និងត្រួតពិនិត្យ តាមប្រព័ន្ធអនឡាញ។ ការហ្វឹកហាត់នេះ ធ្វើឡើងនៅតាមផ្ទះរៀងៗខ្លួននៅឡើយទេ មិនទាន់ហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនៅឡើយទេ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមកម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃ គឺក្នុង១ថ្ងៃមានរយៈពេល៥ម៉ោង ដែលពេលព្រឹកមានរយៈពេល៣ម៉ោង និងល្ងាច២ម៉ោង ដោយផ្តោតសំខាន់លើការថែរក្សា កម្លាំងកាយ និងបច្ចេកទេសមូលដ្ឋាននៃប្រភេទវិញ្ញានីមួយៗ។
គ្រូជំនួយរូបនេះបន្ថែមថា សម្រាប់ការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជាបានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងលើវិញ្ញាសាទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ខណៈវិញ្ញាសាទូកនាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមមិនបានដាក់វិញ្ញាសារនេះឡើយ។
លោក គង់ សុភាព បន្ថែមថា មកដល់ពេលនេះ សហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពូជាមិនទាន់កំណត់ពីប្រភេទវិញ្ញាសាណាខ្លះ ដែលត្រូវចូលរួមប្រកួតប្រជែងស៊ីហ្គេម ចុងឆ្នាំនេះនៅឡើយទេ ដោយហ្វឹកហាត់ជារួម តាមប្រភេទវិញ្ញាសានីមួយៗ ហើយនៅពេលជិតដល់ពេលវេលាកំណត់ទើបមានការកំណត់វិញ្ញាសាដែលត្រូវចូលរួមប្រកួត។
សូមបញ្ជាក់ថា បើតាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់វិញ្ញាសាលើប្រភេទកីឡាទូករ៉ូអ៊ីងមានវិញ្ញាសាបុរសចំនួន៨វិញ្ញាសា និងនារី៨វិញ្ញាសា។ ប្រភេទកីឡាទូកកានូមានផ្នែកបុរស៣វិញ្ញាសា និងនារី៨វិញ្ញាសា ខណៈប្រភេទទូកកាយ៉ាក់ មានផ្នែកបុរស ៤វិញ្ញាសា និងនារី៤វិញ្ញាសា៕
អត្ថបទដែលជាប់ទាក់ទង