គ.ជ.ប ចាប់លេខរៀងគណៈបក្សចូលរួមដណ្តើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោរួចរាល់

គណៈបក្សនយោបាយ ដែលចូលរួមប្រកួតដណ្តើមអាសនៈជាក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ត្រូវបានកំណត់លេខរៀងក្នុង សន្លឹកឆ្នោតរួចហើយ បន្ទាប់ពីចាប់ឆ្នោតរួចរាល់ ដោយមានការចូលរួមពីព្រះសង្ឃផង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

គណបក្សហ៊្វិនស៊ិនប៉ិច ត្រូវបាននៅលើលំដាប់លេខរៀងទី១ ខណៈគណបក្សយុវជនកម្ពុជា ឈរនៅលំដាប់លេខរៀងទី២, គណបក្សប្រជាជនកម្ពុជា ឈរនៅលំដាប់លេខរៀងទី៣, និងគណបក្សសញ្ជាតិកម្ពុជា ឈរនៅលំដាប់លេខរៀង ចុងក្រោយគេ នៃគណៈបក្សនយោបាយដែលបានចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ អាណត្តិទី១ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងនេះឡើង ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី សំដៅធ្វើការអភិវឌ្ឍន៍ឱ្យកាន់ តែមានការរីកចម្រើនបន្ថែមទៀត និងបង្ខិតសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីរៀបចំការបោះពុម្ព សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាអសកលនេះរួចរាល់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នឹងបិទផ្សាយបញ្ជីគណបក្ស ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចរាល់ហើយ ក្នុងរយៈពេលយ៉ាងតិច៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។

សូមជម្រាបថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ដែលនឹងត្រូវជ្រើសរើសដោយការបោះឆ្នោតលើកទី១នៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ គឺមានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែងដែលមានចំនួន១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក,សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

អត្ថបទដែលជាប់ទាក់ទង