សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនឯកឧត្ដមប្រធានរដ្ឋចិន ស៊ី ជីនភីង សម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ អន្តរជាតិ ចេញផ្សាយ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2021 79 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយជូនឯកឧត្ដមប្រធានរដ្ឋចិន ស៊ី ជីនភីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែល បានចុះចតដោយជោគជ័យលើភពអង្គារ។ យោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១»។ សម្តេចបានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាស របស់ចិន ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍន៍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូល។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្ដមប្រធានរដ្ឋចិន ស៊ី ជីនភីង មានសុខភាពល្អ សុភមង្គល និង បន្តទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសឱ្យបាន កាន់តែរុងរឿងថែមទៀត៕ 79 ចែករំលែក