IFJ ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធានាសុវត្ថិភាពដល់អ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សាស្ទ្រីប
សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) បានទាមទារឱ្យមានវិធានការជាបន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីបញ្ឈប់ការវាយប្រហារទៅលើអ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សាស្ទ្រីប។
នៅពេលដែលអរិភាពប្រដាប់អាវុធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីនបានបន្តពេញមួយសប្តាហ៍ ក្នុងចំណោមអគារជាច្រើនដែលត្រូវបានបំផ្លាញនៅតំបន់ហ្គាហ្សាដោយគ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែល គឺមានអគារខ្ពស់មួយដែលមានការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ រួមទាំងសារព័ត៌មាន Associated Press និង Al Jazeera ផងដែរ។
អង្គការនេះបាននិយាយកាលពីថ្ងៃអាទិត្យថា «IFJ បានអំពាវនាវដល់ UNSC ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការកំណត់គោលដៅដោយចេតនា និងជាលក្ខណៈប្រព័ន្ធទៅលើអ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សា»។ IFJ ជឿជាក់ថា គោលបំណងនៃការវាយប្រហារអ្នកសារព័ត៌មាន គឺដើម្បីបំបិទមាត់អ្នករាយការណ៍ពីមូលដ្ឋាននៅហ្កាហ្សា។
អគ្គលេខាធិការ IFJ លោក Anthony Bellanger បានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភកាតព្វកិច្ចរបស់ខ្លួនក្រោមដំណោះស្រាយរបស់ UNSC លេខ ១៧៣៨ ដែលតម្រូវឱ្យរដ្ឋផ្តល់ការការពារដល់អ្នកសារព័ត៌មាននៅក្នុងបរិដ្ឋានជម្លោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ IFJ បានឱ្យដឹងថា ក្នុងពេលដំណាលគ្នានេះមានបុគ្គលិកសារព័ត៌មានជាង ៣០នាក់ត្រូវបានវាយប្រហារ ឬឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយសេវាកម្មប្រព័ន្ធអ៊ិនធឺណិតត្រូវបានរារាំង។ លោក Bellanger បាននិយាយថា «កំហឹងដែលផ្តោតគោលដៅទៅលើប្រព័ន្ធផ្សព្វផ្សាយត្រូវតែបញ្ឈប់»។
អង្គការនេះបាននិយាយថា ខ្លួនបានស្នើសុំម្តងហើយម្តងទៀតដល់អាជ្ញាធរអ៊ីស្រាអែលឱ្យស៊ើបអង្កេតឱ្យបានត្រឹមត្រូវនូវការវាយប្រហារ និងការសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីន ដោយលោកបានសង្កត់ធ្ងន់ថា និទណ្ឌភាពទំនងជានឹងនាំឱ្យមានការវាយប្រហារបន្ថែមទៀតនាពេលអនាគតទាំងនៅអ៊ីស្រាអែល និងនៅប៉ាឡេស្ទីន៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល