ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន មិនមានភាពរឹងមាំទេ បើទោះបីជាមានកំណើនប្រកបដោយចីរភាពកាលពីក្នុងខែមេសាក៏ដោយ
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងខែមេសាបានរក្សាកំណើនថេរ ប៉ុន្តែគ្រឹះសម្រាប់ការងើបឡើងវិញរបស់វានៅតែមានភាពផុយស្រួយនៅពេលដែលបញ្ហាថ្មីៗបានលេចឡើងនៅទូទាំងពិភពលោក។
ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលពីក្នុងខែមេសា… តំបន់ និងមន្ទីរទាំងអស់បានបង្រួបបង្រួម និងសម្របសម្រួលទាំងការបង្ការ និងការគ្រប់គ្រងជំងឺរាតត្បាត ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយផលិតកម្ម និងតម្រូវការមានការកើនឡើង ហើយកំណើនការងារ និងតម្លៃជាទូទៅមានស្ថេរភាព ហើយកត្តាជំរុញកំណើនថ្មីត្រូវបានបង្កើត និងមានការរីកចម្រើន។ សេដ្ឋកិច្ចជាតិបានបន្តសន្ទុះនៃការងើបឡើងវិញប្រកបដោយស្ថេរភាព។
ការិយាល័យនេះបានកត់សម្គាល់ថា យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ប្រាក់ចំណេញសរុបនៃឧស្សាហកម្មចិនមានលើសពីទំហំដែលបានកំណត់ ដែលបានបង្ហាញអំពីការកើនឡើង ១,៣៧ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២១ ដែលឈានដល់តម្លៃ ១ ៨២៥,៤ប៊ីលានយ័ន (២៨៣,៥ប៊ីលានដុល្លារអាម៉េរិក)។ ពាណិជ្ជកម្មអន្តរជាតិក៏បានបង្ហាញអំពីកំណើនប្រកបដោយស្ថេរភាពផងដែរកាលពីក្នុងខែមេសា ដែលនាំឱ្យការនាំចូល និងនាំចេញទំនិញសរុបមានតម្លៃ ៣ ១៤៩,២ប៊ីលានយ័ន ដែលកើនឡើងបាន ២៦,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះដែរ ឯកសារនេះបានសង្កត់ធ្ងន់ថា ពិភពលោកនៅតែកំពុងប្រឈមនឹងការរាតត្បាត និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលមិនមានតុល្យភាព។ ការិយាល័យនេះបានព្រមានថា ដោយសារតែបញ្ហានេះ គឺជាគ្រឹះដែលធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុកមិនទាន់មានលក្ខណៈរឹងមាំនៅឡើយ ហើយកាលៈទេសៈ និងបញ្ហាថ្មីៗបានលេចឡើងក្នុងការអភិវឌ្ឍ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននៅត្រីមាសទី ១ នៃឆ្នាំ ២០២១ បានកើនឡើង ១៨,៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះនៅក្នុងឆ្នាំ ២០២១ ត្រូវបានគេរំពឹងថានឹងកើនលើសពី ៦ភាគរយ ខណៈដែលក្រុមអ្នកជំនាញបានចាត់ទុកការព្យាករនេះថាមានកម្រិតមធ្យម ហើយជឿជាក់ថាអត្រាកំណើនអាចខ្ពស់ដល់ ៨ភាគរយ។
នៅក្នុងឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយឺតៗដល់ ២,៣ភាគរយ ដោយសារតែផលប៉ះពាល់នៃការរាតត្បាត ដែលធ្វើឱ្យអត្រាកំណើន GDP ប្រចាំឆ្នាំទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល