រដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន ១៦ទីតាំង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី !
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៧ ខែឧសភា ដើម្បីជម្រាបជូនដល់សាធារណជនបានជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។ តាមរយ:លទ្ធផល នៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
ចំពោះករណីនេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ដូចមានក្នុងបញ្ជីជូនភ្ជាប់ ខាងលើចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវទៅពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគជំងឺកូវីដ-១៩នេះ។
រដ្ឋបាលខេត្តសៀមរាប នឹងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ ប្រភព: រដ្ឋបាលខេត្តសៀមរាប កែសម្រួលជាអត្ថបទដោយលីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។