ឯកឧត្តម វង្សី វិស្សុត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលស្រុកមុខកំពូលសម្រាប់ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជាប់ធ្វើចត្តាឡីស័ក

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមុខកំពូល បានឧបត្ថម្ភនូវអង្ករចំនួន ២០ តោន, មីចំនួន ២០០០ កេះ, ត្រីខ ២០០០ យួរ និងទឹកត្រី ២០០០ យួរ ជូនដល់រដ្ឋបាលស្រុកមុខកំពូល សម្រាប់ចែកជូនដល់គ្រួសារបងប្អូន ប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាត និងជាប់ធ្វើចត្តាឡីស័ក ប្រមាណជាង ១០០០ គ្រួសារ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
អំណោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគខាងលើនេះ ត្រូវបានរដ្ឋបាលស្រុកមុខកំពូលធ្វើការ ចែកជូនដល់លំនៅដ្ឋានរបស់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាត និងជាប់ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនីមួយៗតែម្តង នៅតាមបណ្តាឃុំទាំង ០៧ នៃ ស្រុកមុខកំពូល ដោយក្នុង ១ គ្រួសារទទួលបាននូវ៖ អង្ករ ១៥ គីឡូក្រាម, មី ១ កេះ, ទឹកត្រី ១ យួរ និងត្រីខ ១ យួរ ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូន ដែលមានជីវភាពខ្វះខាត និងបងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលជាប់ធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភះ។
ក្នុងនាមប្រជាពលរដ្ឋស្រុកមុខកំពូល, រដ្ឋបាលស្រុកមុខកំពូលសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម វង្សី វិស្សុត បានផ្តល់នូវជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគខាងលើ ហើយកាយវិការនេះ គឺការឆ្លុះបញ្ចាំងនូវការគិតគូរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែខ្វាយខ្វល់ គិតគូណាស់ ចំពោះសុខទុក្ខ ជីវភាព និងការស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយលោកមិនបណ្តែតបណ្តោយទុក្ខអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកមុខកំពូល ក៏សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមមេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត និងការពារខ្លួនយើង, គ្រួសារយើង និងសង្គមជាតិយើង មិនឱ្យឆ្លងនូវជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវនេះ។
អត្ថបទដែលជាប់ទាក់ទង