នៅព្រឹកនេះ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ នូវការទទួលវ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសទៀត ជាការបញ្ជាទិញពីរដ្ឋាភិបាលចិន
នៅវេលាម៉ោងប្រមាណជា ១០ និង០០នាទីព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១នេះ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ នូវការទទួលវ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ (Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានបញ្ជាទិញពីរដ្ឋាភិបាលចិន។
បើតាមប្រភពព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ៖ កន ចំណាន