TNM(ភ្នំពេញ) ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលនៃគណៈអភិបាលខេត្តនានា ដើម្បីចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ប្រការដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀង អភិរក្សជីវៈចម្រុះ។

សំណើនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា រដ្ឋបាលឃុំសង្កាត់មួយចំនួននៅតែបន្ត ធ្វើការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើ លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

លិខិតរបស់ឯកឧត្តម សាយ សំអាល់ ចុះកាលបរិច្ឆេទថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងបរិស្ថានស្នើសុំអភិបាលនៃ គណៈអភិបាលខេត្ត ចាត់វិធានការបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការ កាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខា បញ្ជាក់នាពេលកន្លងមក។ជាមួយគ្នានេះ ក៏សូមធ្វើការណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឲ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិត ផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ នៅលើដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំអភិបាលនៃគណៈអភិបាលខេត្ត ផ្តល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះរដ្ឋបាល ឃុំ សង្កាត់ណា ដែលនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍ នៅលើដី ដែលបាន កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដើម្បីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕