រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋសម្តែងការអបអរសាទរនិងថ្វាយព្រះពរថ្ងៃចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

TNM(ភ្នំពេញ) ៖ រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានសម្តែងការអបអរសាទរ និង ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភានេះ។

ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរដ្ឋទាំងអស់បានផ្ញើសារលិខិតថ្វាយព្រះពរជ័យសិរីសួស្តីថ្វាយសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម របស់ព្រះអង្គដែលបានប្រារព្វធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភានេះ។ តាមរយៈ សារថ្វាយព្រះពររបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំថ្វាយ នូវព្រះសព្វសាធុការពរជ័យ សេរី វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមំាខ្លាំងក្លា ព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺន យូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្ត ជាកូនជាចៅ ចៅទួតរបស់ព្រះអង្គ។

ជាងនេះទៅទៀតសារថ្វាយព្រះពរបានចាត់ទុកព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ជានិមិត្តរូប ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះ ប្រជារាស្ត្រខ្មែរគ្រប់ៗរូប ការសណ្តោសប្រណី និងព្រះទ័យប្រកបដោយមេត្តាករុណាធម៌នាំឲ្យប្រជារាស្រ្តខ្មែរគ្រប់រូប ក្នុងនិងក្រៅប្រទេសចងចាំជានិច្ច ចំពោះព្រះកិត្តិគុណដ៏ធំមហិមារបស់ព្រះអង្គ។

ក្នុងតួនាទីជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គដែលជានិច្ចជាកាលតែងតែបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពលក្នុងព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំ សិក្សាធិការ សុខុមាលភាពសង្គម និងជាពិសេសព្រះអង្គបានប្រោស ព្រះរាជទានថវិកាផ្ទាល់ ដើម្បីទិញវ៉ាក់សាំងនិងទិញមន្ទីរពេទ្យនគរទេព និង ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីបម្រើជាតិមាតុភូមិ។

កញ្ញា ពុទ្ធិដា ជានិស្សិតនៃសាកលវិទ្យាល័យសុខាភិបាល បានសម្តែងនូវការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែល បានយកអស់ព្រះកាយពលក្នុងការបម្រើជាតិមាតុភូមិ ពិសេសការដឹងសុខ ដឹងទុក្ខរបស់ប្រជារាស្រ្តដែលជាកូនចៅចៅទួតរបស់ព្រះអង្គ។

សំឡេង« ខ្ញុំមានចិត្តរីករាយ ក្រៃលែង នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មព្រះអង្គ ៦៨វស្សាយាងចូល៦៩ព្រះវស្សានេះ សូមព្រះអង្គប្រកបដោយព្រះសុខភាពមាំមួន និងមានព្រះជន្មាយុយឺនយូរជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ។ សូមក្រាបថ្វាយអំណរ អរព្រះគុណដល់ព្រះអង្គដែលតែងតែយកព្រះទ័យទុកដាក់ដល់ប្រជារាស្រ្តទីទ័លក្រនិងជួបគ្រោះមហន្តរាយ » ។

លោកស្រី ស៊ឹង សុផារ័ត្ន ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត សូមសម្តែងការអបអរសាទរនៅក្នុងទិវាដ៏មហាប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រោះព្រះអង្គជា ម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តខ្មែរ។

សំឡេង«នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សូមថ្វាយព្រះពរព្រះអង្គឱ្យមានព្រះកាយពលមាំមួន មានព្រះសុខភាពល្អបរិបូណ៍ ហើយគង់ជាម្លប់សម្រាប់កូនចៅ ។ អរគុណដល់ព្រះអង្គដែលចំណាយកម្លាំងកាយ ដែលបានចែកអំណោយដល់គ្រួសារដែលជាជនរងគ្រោះ ដោយសារគ្រោះមហន្តរាយជាពិសេសនោះបរិច្ចាគនូវថវិកាផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការទិញវ៉ាក់ សាំង ក៏ដូចជាការងារសង្គមជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ »។

ចំណែកលោក ហេង រដ្ឋា នៅក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យ សម្បត្តិមកទល់ពេលនេះ បានធ្វើឲ្យប្រទេសជាតិមាតុភូមិមានសុខសន្តិភាពសម្បូរសប្បាយ ហើយព្រះ អង្គមានព្រះរាជតួនាទីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋ បន្ថែមពីនេះទៀតព្រះ អង្គតែងតែយកព្រះទ័យទុកដាក់ដឹងសុខដឹងទុក្ខប្រជាពលរដ្ឋ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ ជាច្រើនជួយសង្គម។

សំឡេង«បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជសម្បិត្តមកដល់ពេលនេះ បានធ្វើឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព ប្រជាជនមានភាពសម្បូរសប្បាយ ហើយព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជាពលរដ្ឋ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ដែលមានការចុះចែកអំណោយប្រជាជនក្រីដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងនិងទិញមន្ទីរពេទ្យផងដែរ »៕

អត្ថបទដែលជាប់ទាក់ទង