ព្រះករុណា ព្រះមហាក្សត្រ ៖ កម្ពុជា-រុស្ស៊ី នឹងបន្តជឿទុកចិត្ត និងការគាំទ្រផ្នែកនយោបាយទៅវិញទៅមក បន្ថែមទៀត

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា ប្រទេសកម្ពុជា និងរុស្ស៊ី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងវិស័យជាច្រើន ដែលត្រូវបានពង្រឹង ដោយការជឿទុកចិត្ត និងការគាំទ្រទៅវិញទៅមក ផ្នែកនយោបាយ គុណតម្លៃរួមគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ផ្ញើជូន ឯកឧត្តម វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅព្រឹកថ្ងៃនេះ។

ព្រះរាជសារមានខ្លឹមសារថា ៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមចូលរួមអបអរសាទរដ៏ជ្រាលជ្រៅ និងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម និងប្រជាជន នៃប្រទេសរុស្ស៊ី ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី”។

ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងសំបូរបែបរវាងប្រទេសទាំងពីរ នឹងត្រូវបានអភិវឌ្ឍបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម របស់ប្រជាជនកម្ពុជា និងរុស្ស៊ី និងដើម្បីសន្តិភាព និងវឌ្ឍនភាពនៅលើពិភពលោក។

ដោយឡែក ឯកឧត្តម វ៉្លាឌីមៀ ពូទីន ក៏បានផ្ញើសារលិខិតអបអរសាទរផងដែរ ក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសរុស្ស៊ី-កម្ពុជា។ ឯកឧត្តម ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់នៅក្នុងសារលិខិតថា ៖ “ក្នុងប៉ុន្មានទសវត្សកន្លងមកនេះ ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជាបានទទួលនូវបទពិសោធន៍ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនាលើវិស័យផ្សេងៗជាច្រើន។ ខ្ញុំជឿជាក់ថា ជាមួយប្រពៃណីដ៏ល្អទាំងនេះ យើងនឹងធានាបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

អត្ថបទដែលជាប់ទាក់ទង