ប្រឡាយប្រវែង២.៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបើកដំណើរការសាងសង់ហើយ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2021 113 TNM(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក ហាក់ សុខមករា និងលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញរួមគ្នា ចុះត្រួតពិនិត្យការសាងសង់ប្រឡាយទឹកប្រវែង២.៥០០ម៉ែត្រ ដើម្បីជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដីស្រែ និងដំណាំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោជ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងការចុះពិនិត្យការសាងសង់នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក សេង សុខឃឿន អភិបាល នៃគណៈអភិបាលស្រុក ត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ៖ ប្រឡាយនេះ មានទំហំមាត់លើ ១២ម៉ែត្រ បាតក្រោម៣ម៉ែត្រ ប្រវែង២.៥០០ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោជិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលគ្រោងបញ្ជប់នៅដើម ខែមិថុនាឆ្នាំ២០២១នេះ ។ លោក ហាក់ សុខមករា និងលោក កេង ប៊ុនណា អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។ លោកបានបន្តថា ប្រឡាយទឹកដែលបានដំណើរការសាងសង់នាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារដ្ឋបាល ខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធទឹកស្រោចស្រពឡើងវិញ ដើម្បីទប់ស្កាត់គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្ម របស់ប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ។ លោក ទាំង២រូប បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយមន្រ្តីជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែក បច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩៕ 113 ចែករំលែក