កិច្ចសហប្រតិបត្តិការវ៉ាក់សាំង ស្ថិតក្នុងចំណោមរបៀបវារៈសំខាន់ៗ សម្រាប់កិច្ចប្រជុំកំពូលរវាងលោក មូន និងលោក បៃដិន
កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់ទីក្រុងសេអ៊ូលបាននិយាយថា កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងជំងឺកូវីដ-១៩ នឹងក្លាយជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
លោក Lee Ho-seung ប្រធានបុគ្គលិកគោលនយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយថា «របៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈសំខាន់ៗដទៃទៀត គឺភាពជាដៃគូវ៉ាក់សាំងរវាងប្រទេសទាំងពីរ»។
លោក មូន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងធ្វើកិច្ចប្រជុំកំពូលដោយផ្ទាល់មួយនៅឯសេតវិមាននៅថ្ងៃទី ២១ ខែឧសភា ដោយផ្តោតសំខាន់ទៅលើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាសម្ព័ន្ធភាពទ្វេភាគី។
លោក Lee បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមានបច្ចេកវិទ្យា និងវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង ខណៈដែលកូរ៉េខាងត្បូងមានសមត្ថភាពផលិតជីវសាស្ត្រលំដាប់លេខ ២ នៅលើពិភពលោក។
លោកបាននិយាយបន្ថែមថា កូរ៉េខាងត្បូងអាចក្លាយជាមជ្ឈមណ្ឌលសកលលោកសម្រាប់ផលិតវ៉ាក់សាំងតាមរយៈភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ហើយចក្ខុវិស័យបែបនេះអាចត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនោះ។
ប្រភពនោះបាននិយាយថា នៅពេលដែលមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងមានការពិភាក្សាស៊ីជម្រៅអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បណ្តាមេដឹកនាំធុរកិច្ចសំខាន់ៗអាចនឹងអមដំណើរជាមួយលោក មូន សម្រាប់ដំណើរទស្សនកិច្ចនោះ៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)