WHO៖ វ៉ាក់សាំងជំងឺកូវីដ-១៩ Sinopharm របស់ចិនមានសុវត្ថិភាព និងប្រសិទ្ធភាព
យោងតាមលោកស្រី Mariangela Simao ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការទទួលបានផលិតផលសុខភាពបាននិយាយថា វ៉ាក់សាំងជំងឺកូវីដ-១៩ Sinopharm របស់ប្រទេសចិនដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោកត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងប្រសិទ្ធភាព។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា «យើងនៅតែមានទិន្នន័យដែលបង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។ វ៉ាក់សាំង Sinopharm ត្រូវបានគេប្រើប្រាស់ច្រើនណាស់នៅទូទាំងពិភពលោក។ ខ្ញុំគិតថាវ៉ាក់សាំងចំនួន ៦២លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ វាត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ»។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសកាលពីសប្តាហ៍មុនថា វ៉ាក់សាំងជំងឺកូវីដ-១៩ Sinopharm របស់ចិនត្រូវបានធ្វើឱ្យមានសុពលភាពសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដែលនេះគឺជាវ៉ាក់សាំងចិនដំបូងបង្អស់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ WHO ។
លោកស្រី Simao បាននិយាយបន្ថែមថា ការអនុម័តនេះបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងទូលំទូលាយពីក្រុមទីប្រឹក្សាបច្ចេកទេសខាងក្រៅដែលពិនិត្យមើលទៅលើទិន្នន័យខុសៗគ្នា។
លោកស្រីបានកត់សម្គាល់ថា «យើងបានចុះត្រួតពិនិត្យទីតាំងនៅក្នុងប្រទេសចិនកាលពីក្នុងខែមករា និងខែកុម្ភៈ។ យើងបានពិនិត្យមើលទិន្នន័យព្យាបាលដែលមានសម្រាប់វ៉ាក់សាំង Sinopharm។ វាត្រូវបានគេចាត់ទុកថាវាមានភាពសមរម្យ ជាមួយនឹងប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការអនុវត្តផលិតកម្មល្អ»។
លោកស្រីក៏បានលើកឡើងផងដែរថា អង្គការសុខភាពពិភពលោកបានប្តេជ្ញាចិត្តចំពោះកម្មវិធី COVAX Facility ដែលជាយន្តការនៃការទទួលបានដោយសមធម៌មួយដែលយើងកំពុងធ្វើការយ៉ាងខ្លាំង និងខិតខំដើម្បីទទួលបាននូវដូសវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចែកចាយ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល