ប្រជាកសិករខេត្តឧត្តរមានជ័យ បង្កបង្កើនផលស្រូវស្រាលនិងស្រូវកណ្តាលសម្រេចបានជាង២០០០ហិកតា សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2021 123 TNM(ឧត្តរមានជ័យ) ៖ ប្រជាកសិករខេត្តឧត្តរមានជ័យ បានចាប់ផ្តើមការងារបង្កបង្កើនផលស្រូវស្រាលនិងស្រូវកណ្តាល សម្រេចបានជាង២០០០ហិកតា ហើយការដាំដុះរបស់កសិករ មាន ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសនៅឆ្នាំ២០២១នេះ ឃើញថា អាកាសធាតុអំណោយផលល្អ ដែលធ្វើឱ្យការសាបព្រួសមានភាពរហ័សជាងឆ្នាំមុន។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងរដូវវស្សាឆ្នាំ២០២១នេះ ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ មានផែនការបង្ក បង្កើនផលស្រូវលើផ្ទៃដីជាង ៩៥០០០ហិកតា ខណៈមកដល់ពេលនេះ ការងារភ្ជួររាស់ ដកស្ទូង សម្រេចបាន ជាង២០០០ ហិកតា ស្មើនឹងជាង២០ភាគរយ នៃផែន ការ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កសិករភាគច្រើននិយមធ្វើស្រូវស្រាល ស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ ដែលស្រូវទាំងអស់នេះ ឆាប់ទទួលបានផល ប្រើរយៈពេលតែ៣ទៅ៤ខែប៉ុណ្ណោះ ហើយមានទីផ្សារថែមទៀតផង ។ លោក បន្តថា បើប្រៀបធៀបកាលពីឆ្នាំ២០២០កន្លងទៅ ការបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ ២០២១នេះ មានល្បឿនលឿនជាងឆ្នាំ មុន ហើយផ្ទៃដីដាំដុះក៏មានការកើនឡើងដែរ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ដើមដៃ ទើបប្រជាកសិករឆាប់បានភ្ជួររាស់ ។ លោកបានបន្តថា ខេត្តឧត្តរមានជ័យជាតំបន់ខ្ពង់រាប ដូច្នេះមន្រ្តីជំនាញផ្នែកកសិ កម្ម ក៏បានណែនាំឱ្យកសិករ ធ្វើការកៀរដីដំបូក ឱ្យមកជាដីរាបស្មើវិញ ដែលអាចផ្ទុកទឹកបានគ្រប់គ្រាន់និងរក្សាជីវជាតិ ដើម្បីទទួលទិន្នផលខ្ពស់និងស្របតាមស្តងដារ។ ៖«ជារួមសម្រាប់ស្រូវអត់មានថយទេមានតែទៅមុខដោយសារពីមួយឆ្នាំទៅមួយឆ្នាំកសិករយើងគាត់ចេះសម្រិត សម្រាំងផ្ទៃដីរបស់គាត់កាន់តែល្អជាងឆ្នាំមុនៗដោយសារមុនមកពីវាមានកូនឈើមានដំបូកហើយដីមិនសូវស្មើ ហើយជា បន្តបន្ទាប់គាត់តែងតែកៀរវា ។ហើយយើងមានគោលការណ៍មួយឱ្យមានការគាំទ្រការកៀរដីដោយសារតំបន់យើងនេះជាតំបន់ខ្ពង់រាបចឹងដីអត់ស្មើដីមានដំបូក ចឹងយើងមានគោលការណ៍ឱ្យគាត់កៀរដីឱ្យស្អាតដើម្បីងាយស្រួលផ្តល់ផលស្រូវបានល្អជាងមុនហើយទឹកវាស្មើហើយជីវារត់បានសព្វដំណាំស្រូវក៏បានល្អតាមនឹងដែរ»។ លោកប្រធានមន្ទីរបញ្ជាក់ថា ដោយសារបច្ចុប្បន្នបញ្ហាប្រែប្រួលនៃអាកាសធាតុបានកើតឡើងជាញឹកញាប់ ដូច្នេះទាម ទារឱ្យប្រជាកសិករផលិតស្រូវ ត្រូវចេះ តាមដាននិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំទៅតាមគោលការណ៍បច្ចេក ទេស ដើម្បីស្រូវទទួលបានទិន្នផលល្អ។ បន្ថែមពីនេះទៀត មន្ទីរកសិកម្មខេត្ត ក៏បានសហការជាមួយមន្ទីរធនធានទឹក ដើម្បីត្រៀមអន្តរាគមន៍ជួយដល់កសិករនៅពេលជួបបញ្ហាប្រឈមនានាទៅនឹងផលិតកម្មដំណាស្រូវ ដែលជួយដោះ ស្រាយការលំបាកជូនប្រជាកសិករ។ សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការលើការប្រើប្រាស់ទឹករបស់ប្រជា ពលរដ្ឋ មន្ទីធនធានទឹកនិងឧត្តុនិយមខេត្តឧត្តរមានជ័យកន្លងមក បានអភិវឌ្ឍន៍ ស្តារនិងកសាងប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ស្ទើរគ្រប់ទីកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន៥៧កន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និង ប្រព័ន្ធធារាសាស្រ្តខ្នាតធំមានចំនួន៣កន្លែង ដែលអាចស្រោចស្រព ផ្គត់ផ្គង់ទឹកស្រោចលើដីស្រែរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺន៥ពាន់ហិកតាដែលជួយបង្កើនផលដំណាំផ្សេងៗពិសេសដំណាំស្រូវឱ្យដុះលូតលាស់បានល្អ និងទទួលបានផលច្រើន៕ 123 ចែករំលែក