ប្រទេសឥណ្ឌា មើលឃើញនូវកំណត់ត្រាថ្មី នៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង ៤ ២០០នាក់ ក្នុងរយៈពេល ២៤ម៉ោង

​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​អំពី​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៤៨ ៤២១​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៃ​ការឆ្លង​ជំងឺ​នេះ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការរីក​រាលដាល​នៅក្នុង​ប្រទេស​នេះ​បាន​កើន​ឡើងដល់ ២៣ ៣៤០ ៩៣៨​នាក់​។ យោងតាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​បានឱ្យដឹងថា ចំនួន​អ្នកស្លាប់​ថ្មី​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​នេះ​មាន​ចំនួន ៤ ២០៥​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៃ​អ្នកស្លាប់​កើនឡើង​ដល់ ២៥៤ ១៩៧​នាក់​។​

​ ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ដែល​បណ្តាលមកពី​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ​បាន​ក្លាយជា​កំណត់ត្រា​ថ្មី​មួយ​ខ្ពស់​សម្រាប់​ប្រទេស​ឥណ្ឌា​។ អត្រា​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មាន​ចំនួន ៤ ១៨៧​នាក់​ដែល​ត្រូវបាន​ចុះបញ្ជី​កាលពី​ថ្ងៃទី ៨ ខែឧសភា ខណៈដែល​តួលេខ​នៃ​ចំនួន​អ្នកស្លាប់​កាលពី​ថ្ងៃទី ៦ ខែឧសភា មាន ៣ ៩៨០​នាក់​។​

​យោងតាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃទី ៥ ខែឧសភា​មក ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ប្រមាណ ៣​លាន​នាក់​។ ប្រទេស​ឥណ្ឌា​បាន​ចុះបញ្ជី​ការឆ្លង​ថ្មី​ចំនួន​ជាង ៣០០ ០០០​នាក់​ចាប់តាំងពី​ថ្ងៃទី ២២ ខែមេសា និង​ជាង ២០០ ០០០​នាក់​ចាប់តាំងពី​ថ្ងៃទី ១៥ ខែមេសា​។ ក្នុងពេល​ជាមួយគ្នានេះ កាលពីមុន​ដើមខែ​មីនា ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​តិចជាង ២០ ០០០​នាក់ ដែល​អាជ្ញាធរ​គិតថា​ប្រទេស​នេះ​បាន​យកឈ្នះ​ការឆ្លង​រាលដាល​។​

​ទន្ទឹមនឹង​នេះដែរ ចំនួន​អ្នកជា​សះស្បើយ​មានការ​កើនឡើង​ក្នុង​រយៈពេល ២៤​ម៉ោង​មកនេះ ដោយមាន​ចំនួន ៣៥៥ ៣៣៨​នាក់ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៃ​អ្នកជា​សះស្បើយ​ឈានដល់ ១៩ ៣៨២ ៦៤២​នាក់​។ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣ ៧០៤ ០៩៩ នាក់​កំពុង​បន្ត​ការព្យាបាល​ដែល​តិចជាង​កាល​ពីមួយ​ថ្ងៃមុន​ចំនួន ១១ ១២២​នាក់​។​

​ប្រទេស​ឥណ្ឌា​ស្ថិតនៅ​លំដាប់​ទី ២ នៅក្នុង​ទូទាំង​ពិភពលោក (​បន្ទាប់ពី​សហរដ្ឋអាមេរិក​) បើ​គិត​អំពី​ចំនួន​សរុប​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ហើយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ៣ ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់​ដែល​បណ្តាលមកពី​ការឆ្លង​ជំងឺ​នេះ (​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​)​។​

​យោងតាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​បានឱ្យដឹងថា ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ មាន​មនុស្ស​ចំនួន ២ ៤៤៦ ៦៧៤​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​នេះ ហើយ​ចំនួន​ប្រជាជន​សរុប​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​មាន​ដល់ ១៧៥ ២៣៥ ៩៩១​នាក់​។ ក្រសួង​នេះ​បាន​កត់សម្គាល់ថា ប្រទេស​ឥណ្ឌា​នៅតែ​ជា​ប្រទេស​នាំមុខគេ​មួយ​ចំពោះ​អត្រា​ប្រជាជន​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង