រដ្ឋសភា ក្រើនរំឭកដល់ពល រដ្ឋកុំឱ្យភ្លេចវិធានការ ៣កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល
TNM(ភ្នំពេញ) ៖ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានក្រើនរំឭកដល់ពលរដ្ឋកុំឱ្យភ្លេចវិធានការ ៣កុំ ៣ ការពាររបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ និងកាត់ផ្តាច់ឱ្យអស់នូវការឆ្លងជំងឺនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ការក្រើនរំឭកនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវបានចាត់ឱ្យក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែកចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកខ្វះខាតចំនួន ១៨៦០គ្រួសារ នៅក្នុងឃុំចំនួន៤នៃស្រុកលើកដែក ខេត្តកណ្តាល គឺឃុំព្រែកដាច់ ឃុំខ្ពបអាទាវ ឃុំពាមរាំង និងឃុំសណ្តារ នៅថ្ងៃទី៧ ខែ ឧសភា នេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលនៅ ជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែកផងនោះ មានប្រសាសន៍ថា ការអនុវត្តបាននូវវិធានការ ៣កុំ ៣ការ ពារ គឺរួមចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ លោកជំទាវ បន្តថា រដ្ឋសភា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញា ធរពាក់ព័ន្ធជានិច្ចកាល តែង តែរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋ មិនថាគ្រាលំបាក ឬមានគ្រោះអាសន្ន។ លោកជំទាវ បានកោត សរសើរអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីយកចិត្តទុកដាក់ចំពោះសេច ក្តីសុខ ជីវភាព និងសុខុមាល ភាព របស់ប្រជាពលរដ្ឋក្នុងឃុំទាំង៤ ខាងលើ ក៏ដូចជាក្នុងដំណាក់កាលដ៏លំបាកនៃការរាតត្បាតមេរោគកូវីត ១៩ នេះ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនប្រជា ពលរដ្ឋនោះ មានដូចជា៖ អង្ករ ១៨តោន មី១៨៦០កេស ត្រីខកំប៉ុង១៨៦០យួរ និងកញ្ចប់ថ្នាំពេទ្យ១០០០កញ្ចប់ សរុបជាទឹកប្រាក់ប្រមាណ ១៥៣លានរៀល៕