សម្តេច ហ៊ុន សែន ផ្តល់ស្បៀងអាហារ ៣៦.០០០ ឈុតដល់ខេត្តព្រះសីហនុដើម្បីចែកអ្នកមានជីវភាពខ្វះខាត ក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម
TNM(ខេត្តព្រះសីហនុ) ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល ផ្តល់ស្បៀងអាហារ ៣៦.០០០ឈុត ដល់ខេត្តព្រះសីហនុ ដើម្បីចែកអ្នកដែលមានជីវភាពខ្វះខាត ក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ នេះបើតាមលិខិតថ្លែងអំណរគុណ របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ក្នុងលិខិតដដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវស្បៀងអាហារចំនួន ៣៦.០០០ឈុត មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”»៕