ថ្ងៃនេះកម្ពុជាសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។
ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។ សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។ ទីបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការគាំទ្រ ជូនពរ លើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមធ្វើឲ្យ សម្រេចនូវសមិទ្ធផលថ្មីមួយនេះ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាឲ្យឈ្នះលើការវាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះ ហើយសូមឲ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណ ភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន ហើយជាប្រត្យក្ស គឺព្រឹត្តិការណ៍ដែលយើងកំពុងតែប្រារព្វនាពេលនេះ។ សមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាថ្ងៃនេះ គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រវាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។ ឆ្លៀតយកឱកាសដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថាកសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុនម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព។
អត្ថបទដែលជាប់ទាក់ទង