ឯកឧត្តមបណ្ឌិត ថោង ខុន៖ ការងារគ្រប់ទម្រង់ទាំងអស់ត្រូវត្រៀមឱ្យបានរួចរាល់នាខែមករា ឆ្នាំ២០២៣
ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១– ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្នើឱ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ត្រូវតែត្រៀមលក្ខណៈសម្បត្តិលើគ្រប់ទម្រង់ការងារឱ្យបានរួចរាល់ នាខែមករា ឆ្នាំ២០២៣ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០៣។ នេះបើតាមការលើកឡើងនៅក្នុង កិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តជំរុញការងាររបស់គណកម្មការជំនាញទាំងអស់ ក្នុងនោះអង្គប្រជុំបានផ្តោតការយកចិត្តទុកលើការងារធំៗមួយចំនួន ដែលត្រូវត្រួតពិនិត្យ ប្រមូលផ្តុំកម្លាំងជំរុញជាប់ជាប្រចាំនូវចំណុចសំខាន់ៗចំនួន៧ចំណុច៖ ១-ជំនាញកីឡា បន្តជំរុញផែនការហ្វឹកហាត់ដោយខ្លួនឯង ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩, ការត្រៀមចេញទៅហ្វឹកហាត់នៅចិន និងចូលរួម ប្រកួតនៅ SEA GAMES ខែវិច្ឆិកា ឆ្នាំ២០២១ នៅហាណូយ ប្រទេសវៀតណាម។ ២-ការកំណត់រៀបចំទីលានប្រកួត បញ្ចប់ការត្រៀមទីតាំង នៃទីលានប្រកួតកីឡាគ្រប់ប្រភេទ នៅសប្តាហ៍ក្រោយ ដើម្បីគោរពដាក់ជូនសម្តេចពិជ័យសេនាប្រធាន CAMSOC ពិនិត្យសម្រេច។ បន្ទាប់មកត្រូវជូនព័ត៌មានទៅផ្នែកពាក់ព័ន្ធ និងសហពន្ធកីឡាជាតិត្រៀមលក្ខណៈចូលរួមសហការ និងទទួលខុសត្រូវរៀបចំពីពេលនេះតទៅ។ ត្រូវរៀបចំត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួលរៀបចំគ្រប់គ្រងកីឡដ្ឋានធំមរតកតេជោពីភាគីមិត្តចិន ដែលគ្រោងនឹងប្រគល់ឱ្យភាគីកម្ពុជានៅក្នុងខែសីហា ២០២១ ខាងមុខនេះឱ្យបាល្អ។ ៣-ផ្នែកភស្តុភា logistic សហការជាមួយក្រុមហ៊ុនសាងសង់ ដើម្បីជំរុញការសាងសង់ភូមិកីឡាឱ្យបានចប់សព្វគ្រប់នៅខែមករា ឆ្នាំ២០២៣ យ៉ាងយូរ។ ៤-ពិធីបិទបើក៖ ស្នើរៀបចំ design Master Plan និងសេចក្តីព្រាងកម្មវីធី ពី A ដល់Z រាប់ទាំងកម្មវីធីរត់ភ្លើងគប់ឱ្យបានឆាប់។ សម្រាប់ដើមឆមាសទី២នេះចាប់ផ្តើមពិភាក្សាលម្អិត និងបែងចែកប្រគល់ភារកិច្ចទទួលខុសត្រូវ តាមផ្នែកនីមួយៗឱ្យបានច្បាស់លាស់។ ៥-រម្លឹក និងជំរុញយុទ្ធនាការ អប់រំកីឡា វប្បធម៌ និងបរិស្ថាន អប់រំកីឡាមហាជន ប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (ចាត់ចែងចែក Logo និង Mascott ពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ទៅគ្រប់គោលដៅ ព្រឹត្តការណ៍ និងវេទិកាកីឡាទូទាំងប្រទេស)។ ៦-រៀបចំកែសម្រួលរចនាសម្ព័ន្ធដឹក នាំគណៈកម្មការវេដ្ជសាស្ត្រកីឡា និង Doping ឡើងវិញ បន្ទាប់ពីលោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការនេះបានទទួលមរណភាព។ ចំពោះចំណុចទី៧ គឺគ្រប់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិទាំងអស់ត្រូវខិតខំជំរុញតាមផែនការ ដែលបានកំណត់ព្រោះពេលវេលានៅត្រឹម២ឆ្នាំគត់ បើគិតដល់ថ្ងៃទី០៥ ដែឧសភា ឆ្នាំ២០២៣។ សម្រាប់ការត្រៀមរៀបចំរបស់យើង គ្រប់យ៉ាងត្រូវឱ្យហើយរួចរាល់នៅខែមករា ឆ្នាំ២០២៣។ យកការចូលរួមប្រកួត ស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ និងការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើទី៣ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាការសាកល្បង និងការហាត់សម ( rehearsal លើកទី១)។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ថា ចំណុចសំខាន់ៗនៃការងារសំខាន់ៗទាំងនេះត្រូវចូលរួមធ្វើកិច្ចការឱ្យមានប្រសិទ្ធភាពគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕ដោយ ហេង ណាលីន