៣សប្តាហ៍ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមចែករំលែកស្បៀង ជូនដល់ក្រុមគ្រួសារអាវុធហត្ថ និងប្រជាពលរដ្ឋ ជិត១ពាន់គ្រួសារ (មានវីដេអូ)

TNM(ភ្នំពេញ)៖ ដោយសារតែ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ បាននាំឲ្យជំងឺកូវីដ-១៩ រីករាលដាលយ៉ាងគំហុក ជាបន្តបន្ទាប់ រហូតរាជរដ្ឋាភិបាល បានសម្រេចចេញនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ តាមសេចក្តីសម្រេសលេខ៤៩ សសរ ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ និងបន្តបិទខ្ទប់ សម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ តាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ដើម្បីជាការរួមចំណែកក្នុងការងារ មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល និងអនុវត្តតាមគំរូដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង ប្រធានអង្គភាពចំណុះ និង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ទាំង១៤ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារនៃកងរាជអាវុធហត្ថ ចំណុះរាជធានីភ្នំពេញ និងប្រជាពលរដ្ឋជួបការខ្វះខាតជាក់ស្តែង និងគ្រួសារជាប់ចត្តាឡីស័ក មួយចំនួនដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-១៩ សរុប៨៩៨គ្រួសារ ជាបន្តបន្ទាប់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ០១ការ៉ុងទៅ០៥ការ៉ុង តាមចំនួនសមាជិកជាក់ស្តែង, មី០១កេសទៅ០២កេស, ទឹកសុទ្ធ០១កេសទៅ០៣កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០២យួរ ព្រមទាំងផ្តល់បន្ថែមនូវ ឱសថជំនួយសុខភាព ម៉ាស់ ជែល អាល់កុល របាំងមុខ ស្ករគ្រាប់ ភេសជ្ជៈបាកាស ទឹកក្រូច នំប៉័ង បាយ កាហ្វេ ម៉្សៅទឹកដោះគោ វីតាមីនC មីសួរ ផ្លែឈើ សាច់ជ្រូក សាច់មាន់ សៀងផ្អែម ប្រេងខ្យង អំបិល ប៊ីចេង ខ្ទឹម ស្កស ធូបមូស និង ថវិកា ចែកជូនទៅតាមស្ថានភាពជាក់ស្តែង ។

ដោយឡែកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅតែបន្តឧបត្ថម្ភជាប្រចាំរាល់ខែមិនដែលខានមកជាច្រើនឆ្នាំ នូវអង្ករគ្រប់តាមតម្រូវការ រួមនឹងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាក ចាស់ជរាគ្មានទីពឹង ជិត២០គ្រួសារទៀតផងដែរ។ សកម្មភាពចែករំលែក តាមលទ្ធភាពជាក់ស្តែងទាំងនេះ គឺជាការរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនក្រុមគ្រួសារអាវុធហត្ថ និង ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនបានប្រកាន់ រើសអើង ពីនិន្នាកានយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ព៌ណសម្បុរ អ្វីឡើយ៕ សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង