ពលរដ្ឋ៦ភូមិ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានទុនបង្វិល ពីគម្រោង Lased II ក្នុងការពង្រីកការដាំដុះដំណាំកសិផល និងចិញ្ចឹមសត្វ
TNM(ត្បូងឃ្មុំ)៖ នារសៀល ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្តត្បូងឃ្មុំ បានចុះចែកផ្តល់ឥណទានរបស់គម្រោង ដល់សមាជិកក្រុមទុនបង្វិលលើកទី១ ចំនួន៦ក្រុម ស្មើនឹង៩៦នាក់ ដែលជាសម្បទានិក រស់នៅក្នុងតំបន់បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គាំទ្រមូលនិធិដោយធនាគារពិភពលោក (WB) និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងការចុះផ្តល់ជូននោះ មានការចូលរួមពីសំណាក់ លោក សឺង គីរីវណ្ឌី មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុគម្រោង រដ្ឋបាលសាលាខេត្ត លោកមេឃុំ ជាំក្រវៀន និង សមាជិកក្រុមទុនបង្វិល។
ថ្លែងនាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបែងចែកដីជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធរួម គួបផ្សំនិងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋអាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិត បន្តទៅជំនាន់ទៀតនៅក្នុងតំបន់នេះ ។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការនាំយកមកផ្ដល់ជូនសម្បទានិកនាពេលនេះ គឺស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទោះក្នុងបរិបទការរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ធ្វើការដាំដុះ សម្រាប់ទទួលទានផង និងផ្គត់ផ្គង់នៅទីផ្សារផង ដោយទទួលបាននូវប្រាក់កំរៃសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។
បន្ថែមលើនេះ ឯកឧត្តម ពាង ណារិទ្ធ ចំពោះការផ្តល់ជូននូវទុនបង្វិល ក្នុងតំបន់នេះ គឺបងប្អូនប្រជាពលរដ្ឋ អាចយកទុនទាំងនេះទៅពង្រីកការដាំដុះដំណាំកសិផលផ្សេងៗ រួមទាំងការចិញ្ចឹមសត្វ បន្ថែមទៀត ដើម្បីទទួលបានជីវភាពល្អប្រសើរទៅថ្ងៃអនាគត។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំណូមពរ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធាននានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ នូវវិធាន “៣ការពារ ៣កុំ” ដើម្បីបង្ការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា៕
ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ, សម្រួលផ្សាយ៖ កន ចំណាន