ប្រទេសអ៊ីរ៉ង់ទទួលជោគជ័យក្នុងការសាកល្បងវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាវីរុសទៅលើមនុស្ស

​ទីភ្នាក់ងារសារព័ត៌មាន​សាធារណរដ្ឋ​អ៊ីស្លាម (IRNA) បាន​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​បានប្រកាស​អំពី​ភាពជោគជ័យ​នៃ​ការសាកល្បង​ទៅលើ​មនុស្ស​សម្រាប់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ក្នុងស្រុក ដែលមាន​ឈ្មោះថា Fakhra ក្នុងការ​ចងចាំ​របស់​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។ សារព័ត៌មាន​នេះ​បាន​និយាយ​បន្ថែមថា កូនប្រុស​របស់​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​ចូលរួម​ក្នុងការ​សាកល្បង​នេះ​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​។​

​ការសាកល្បង​ព្យាបាល​ដំបូង​របស់​វ៉ាក់សាំង​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ក្រសួងការពារជាតិ​អ៊ីរ៉ង់ ដោយ​លោក Fakhrizadeh បានចាប់ផ្តើម​ប្រើ​នៅក្នុង​ខែមីនា​។ អ្នកវិទ្យាសាស្ត្រ​រូបនេះ​ត្រូវបាន​សម្លាប់​នៅក្នុង​ខេត្ត​តេ​រ៉ង់​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០​។ យោងតាម​អ្នកនាំពាក្យ​របស់​គណកម្មកា​រ​សន្តិសុខ​ជាតិ និង​គណកម្មកា​រគោល​នយោបាយ​ការបរទេស​នៃ​សភា​អ៊ីរ៉ង់ លោក Abolfazl Amouei បានឱ្យដឹងថា ការធ្វើឃាត​លោក Fakhrizadeh ត្រូវបាន​រៀបចំឡើង​ដោយ​ភ្នាក់ងារ​ស៊ើបការណ៍​អ៊ីស្រាអែល ហើយ​ប្រហែលជា​ពាក់ព័ន្ធ​នឹង​សេវាកម្ម​សំងាត់​របស់​ប្រទេស​ដទៃទៀត​ផង​។​

​រហូតមកដល់​ពេលនេះ ប្រទេស​អ៊ីរ៉ង់​បាន​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ក្នុងស្រុក​មួយចំនួន​។ ការសាកល្បង​ដំណាក់កាល​ទី ៣ នៃ​វ៉ាក់សាំង COVIran Barakat បានចាប់ផ្តើម​កាលពី​ចុងខែ​មេសា​។ ប្រធាន​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​នៅឯ​មជ្ឈមណ្ឌល​ប្រឆាំងនឹង​មេរោគ​ឆ្លង​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Mostafa Ghanei បាន​និយាយថា ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​នេះ​អាច​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ខែឧសភា​នេះ ហើយ​វ៉ាក់សាំង​ក្នុងស្រុក​ផ្សេងទៀត​អាច​នឹងមាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពី ២ ទៅ ៣​ខែ​ទៀត​។​

​កាលពី​ថ្ងៃទី ៩ ខែកុម្ភៈ ប្រទេស​អ៊ីរ៉ង់​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត​ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sputnik V របស់​ប្រទេស​រុស្ស៊ី​។ ប្រទេស​នេះ​បានទទួល​វ៉ាក់សាំង​ចំនួន ៧​ដង​រួចមកហើយ​។ ប្រទេស​អ៊ីរ៉ង់​បានសម្រេច​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ថែទាំ​នៅ​ដំណាក់កាល​ដំបូង ហើយ​បន្ទាប់មក​បន្ត​ផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​ថែទាំ​សុខភាព និង​ប្រជាជន​ដទៃទៀត​ដែលមាន​អាយុ​លើសពី ៦៥​ឆ្នាំ​។ ប្រទេស​នេះ​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​វ៉ាក់សាំង Sputnik V ក្នុង​រយៈពេល​ពីរ​បី​ខែ​នេះ​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង