អ្នកការទូតកំពូលៗនៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធចំពោះគោលនយោបាយកូរ៉េខាងជើង
កាលពីថ្ងៃពុធ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា អ្នកការទូតកំពូលៗរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាដើម្បីបន្តការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធត្រីភាគី ស្តីពីវិធីសាស្ត្ររបស់ពួកគេចំពោះប្រទេសកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយរបស់ខ្លួនទៅលើរដ្ឋកុម្មុយនិស្តមួយនេះ។
កិច្ចចរចាត្រីភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានធ្វើឡើងនៅខាងក្រៅនៃកិច្ចប្រជុំក្រុមប្រទេស G-7 នៅទីក្រុងឡុងដ៏។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយរយៈពេលមួយខែរបស់ខ្លួនទៅលើប្រទេសកូរ៉េខាងជើង ដែលមន្ត្រីរបស់ខ្លួនបានអំពាវនាវឱ្យមានវិធីសាស្ត្រមួយដែលត្រូវបានក្រិតតាមខ្នាត និងការអនុវត្តជាក់ស្តែង។
វាត្រូវបានកត់សម្គាល់ជាលើកដំបូងដែលអ្នកការទូតកំពូលនៃប្រទេសទាំងបីបានជួបប្រជុំគ្នាក្នុងរយៈពេលជាងមួយឆ្នាំចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅប្រទេសអាល្លឺម៉ង់។
ក្រសួងការបរទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាពង្រឹងកិច្ចសម្របសម្រួលដើម្បីធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងការកសាងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «លោករដ្ឋមន្ត្រី Blinken បានពន្យល់ទៅភាគីកូរ៉េខាងត្បូង និងជប៉ុនអំពីលទ្ធផលនៃការត្រួតពិនិត្យគោលនយោបាយរបស់សហរដ្ឋអាមេរិកទៅលើប្រទេសកូរ៉េខាងជើង ហើយអ្នកទាំង ៣ បានព្រមព្រៀងគ្នាក្នុងការប្រាស្រ័យទាក់ទង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការនៃការជំរុញគោលនយោបាយកូរ៉េខាងជើងនៅថ្ងៃអនាគត»។
ក្រសួងការបរទេសបាននិយាយបន្ថែមថា ប្រទេសទាំងបីបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ និងបានព្រមព្រៀងគ្នាបន្តស្វែងរកកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅអនាគតដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល