រោងចក្រកាត់ដេរក្នុងតំបន់លឿង ត្រូវដំណើរការជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នារៀងរាល់ពេល ២សប្តាហ៍
TNM(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះថា យោងសេចក្តីសម្រេចលេខ ១០០/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងយោងសេចក្តីសម្រេចលេខ ០៨៥ របស់រដ្ឋបាលខេត្តកណ្តាល នោះរោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០% នៃចំនួនកម្មករនិយោជីតសរុប។
ជាមួយគ្នានោះឯកឧត្តម បានណែនាំដល់អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការងារ បានទទូចឲ្យត្រូវពិនិត្យលើ៖ ទី១. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីន បម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអាគារផលិតកម្ម, ទី២. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ, ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ, ទី៣. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ និង៤. ត្រៀមរំឮកកម្មករនិយោជិត ឱ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ។
ជាមួយគ្នានោះ ឯកឧត្តម ហេង សួរ បានអំពាវនាវដល់រោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាពអាជីវកម្មឡើងវិញនេះ ទៅជាឱកាសធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យមានការបិទរោងចក្រនោះឡើងវិញដោយរដ្ឋបាលរាជធានី ឬខេត្ត។
បន្ថែមលើសពីនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងការងារ ក៏បានរំឮកដល់គ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រ គាំទ្រការផ្តើមសង្វាក់ផលិតកម្មនៃរោងចក្រក្នុងវិស័យកាត់ដេរជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នារៀងរាល់ពេល ២សប្តាហ៍៕