សម្តេចតេជោនឹងបន្តបើកយុទ្ធការចាក់វ៉ាក់សាំងទូទាំងរាជធានីភ្នំពេញនិងខេត្តកណ្តាល
ភ្នំពេញ៖ សម្តេចតេជោនឹងបើកយុទ្ធការចាក់វ៉ាក់សាំងទូទាំងរាជធានីភ្នំពេញនិងខេត្តកណ្តាល បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុង តំបន់ក្រហម ដើម្បីឈានទៅកាត់ផ្តាច់ជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះឱ្យអស់ ដែលធានាបានសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះថា បន្ទាប់ពីការចាក់វ៉ាក់សាំងនៅតំបន់ក្រហមរួចរាល់ហើយ សម្តេចតេជោនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងរាជធានីភ្នំពេញនិងខេត្តកណ្តាល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ។
សម្តេចតេជោបញ្ជាក់ថា កម្ពុជាមិនប្រឈមនឹងការខ្វះវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋឡើយ ខណៈដែលវ៉ាក់សំាងជាច្រើនទៀតនឹងមកដល់ កម្ពុជាជាបន្តបន្ទាប់ទៀត ពោលគឺថ្ងៃទី១១ ខែឧសភានឹងមកដល់ចំនួន៥០ម៉ឺនដូស ថ្ងៃទី១៥ ខែឧសភានឹងមកដល់៥០ម៉ឺនដូសទៀត គឺសរុបទំាងអស់ចំនួនមួយលានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ហើយនឹងបន្តយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋទំាងអស់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបន្តទៀត។
សំឡេង«យើងនឹងស្រោចទីក្រុងភ្នំពេញនិងខេត្តកណ្តាលឱ្យជន់លិចទៅដោយវ៉ាក់សាំង ប៉ុន្តែដំបូងនេះ យើងធ្វើនៅក្នុងក្របខណ្ឌតំបន់ ក្រហម ហើយគ្រាន់តែតំបន់ក្រហមនេះ ប្រជាជនមានទៅដល់ជាង៥០ម៉ឺននាក់រួចទៅហើយ ដូច្នេះវាមិនយូរប៉ុន្មានទីក្រុងភ្នំពេញនិង ខេត្តកណ្តាល នឹងជោគជាំទៅដោយវ៉ាក់សាំង ដែលយើងខិតខំរកហើយដែលមានការជួយផ្គត់ផ្គង់ពីសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាប្រភពផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់យើង ទាំងជំនួយក៏ដូចជាការផ្គត់ផ្គង់តាមរយៈការទិញរបស់យើងផងដែរ »។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដើម្បីឈាន ទៅកាត់ផ្តាច់ការចម្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈដែលកំពុងផ្ទុះឡើង៕